ភ្នំពេញៈ រាជរដ្ឋាភិបាលបានបង្ហាញពីការបន្តគាំទ្រចលនានៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនលើវិស័យសង្គម និងសេដ្ឋកិច្ច ក្នុងនោះផ្តោតជាសំខាន់លើការបន្តដំឡើងប្រាក់បៀវត្សជូនដល់មន្រ្តីរាជការ ដើម្បីឈានទៅសម្រេចគោលដៅបៀវត្សអប្បរមាច្រើនជាង១លានរៀលនៅឆ្នាំ២០១៨។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងថវិកាហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៧នាវិមានរដ្ឋសភានៅថ្ងៃទី១៤ ខែមិថុនានេះថា “ផ្អែកលើការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សារធារណៈក្នុងរយៈពេលជាង១០ឆ្នាំមកនេះ កម្ពុជាបានកសាង និងសម្រេចបានជាសារវ័ន្តនូវមូលដ្ឋាន នៃភាពជឿទុកចិត្តនៃថវិកា និងបានបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ”។
លោកលើឡើងទៀតថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ឆ្នាំ២០១៦-២០២០ ពោលគឺធានានូវការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ សំដៅលើការផ្សាភ្ជាប់ថវិកាទៅនឹងរចនាសម្ព័ន្ធគោលនយោបាយ កម្មវិធីនិងផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន។
លោកបញ្ជាក់ផងដែរថា ការដាក់អនុវត្តន៍សាកល្បងថវិកាកម្មវិធីពេញលេញ គឺជាស្នូលនៃដំណាក់កាលទី៣ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសធារណៈ ឬ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការស្របទៅតាមទិសដៅយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ២០១៣-២០២០។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ ក្រសួងស្ថាប័នចំនួន២៥ ត្រូវបានដាក់ឲ្យអនុវត្តន៍ថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា ហើយឆ្នាំ២០១៧ខាងមុខនេះ ក្រសួងស្ថាប័នចំនួន១១បន្ថែមទៀត ក៏នឹងត្រូវបានដាក់ឲ្យអនុវត្តន៍ថវិកាកម្មវិធីដូចគ្នានេះដែរ៕

មតិយោបល់