ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) រុញតំណែងលោក ឯក វីរដេដ្ឋ ឲ្យផុតពីរឿងអាស្រូវពុករលួយក្នុងក្រសួងសេដ្ឋកិច្ច

នៅព្រឹកមិញនាយក្តាមប្រៃយើងត្រូវបានអាពួកម៉ាកមួយក្រុមខលហៅទៅផឹកកាហ្វេជាមួយគ្នានៅហាងលក់កាហ្វេតូចមួយនៅក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅគ្រាដែលនាយក្តាមប្រៃយើងប៊ឺតកាហ្វេក្លែមចាខ្វៃ១គូរកំពុងតែឆ្ងាញ់មាត់ ក៏ស្រាប់តែអាពួកម៉ាកមួយក្រុមហ្នឹងបានលូកដៃមកកេះនាយក្តាមប្រៃយើងថា នៅក្នុងក្រសួងអញធ្វើការ (ក្រសួងសេដ្ឋកិច្ច) មានរឿងអាស្រូវច្រើនណាស់ ពិសេសរឿងពុករលួយហ្នឹងតែម្តង ហើយពួកគេសុទ្ធតែមានបុណ្យស័ក្តិធំៗទៀតផង។

ក្រុមអាពួកម៉ាកបានចាប់យកករណី១ប៉ុណ្ណោះលើកមកខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងនូវរឿងអាស្រូវពុករលួយរបស់លោក ឯក វីរដេដ្ឋ អតីតអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទម្លាយឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដឹង។

ក្រុមអាពួកម៉ាកដែលជាមន្ត្រីនៅក្រសួងនោះបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា ឥឡូវនេះលោក ឯក វីរដេដ្ឋ ដែលជាកូនប្រុសបង្កើតរបស់លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមអាពួកម៉ាកបានខ្សឹបបញ្ជាក់ប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា តំណែងថ្មីរបស់លោក ឯក វីរដេដ្ឋ ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាការរុញច្រានមន្ត្រីរូបនេះឲ្យឆ្លងផុតពីរឿងអាស្រូវពុករលួយច្រើនឆ្នាំកន្លងមកហើយ នៅគ្រាដែលគាត់កាន់មុខងារជាអគ្គាធិការក្រសួងនេះ។ ម្យ៉ាងទៀតប្រហែលជាអង្គភាពប្រឆាំងអំពើពុករលួយ មិនហ៊ានប៉ះពាល់លោក ឯក វីរដេដ្ឋ ព្រោះខ្លាចឥទ្ធិពលលោក ឯក សំអុល ជាឪពុកដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញដ៏មានឥទ្ធិពល។

ពួកគេនៅបានខ្សឹបឲ្យដឹងថា លោក ឯក វីរដេដ្ឋ ត្រូវបានដកហូតតំណែងពីអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១៦/៥៥៨។ ហើយនៅក្នុងតំណែងជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលកន្លងមក លោក ឯក វីរដេដ្ឋ ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល ដែលអំពើពុករលួយរបស់លោក ឯក វីរដេដ្ឋ អាចមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីធំៗនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ហេតុនេះហើយទើបមានការតែងតាំងលោក ឯក វីរដេដ្ឋ ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យផុតពីរឿងអាស្រូវពុករលួយតែម្តង។

រឿងរ៉ាវដែលអាពួកម៉ាកខ្សឹបប្រាប់នាយក្តាមប្រៃយើងមិនវ៉ោហាអីឲ្យវែងឆ្ងាយទេ នាយក្តាមប្រៃសុំស្លេះតែត្រឹមណេះសិន៕

មតិយោបល់