ព័ត៌មានជាតិ

ក្រុមហ៊ុន ហុងដាស៊ីងយីគ្រុប ប្រទេសចិននឹងបណ្តាក់ទុនផលិតជី និងផលិតផលកសិកម្ម

ភ្នំពេញៈ ក្រុមហ៊ុន ហុងដាស៊ីងយីគ្រុប នៅខេត្ត Guangxi ប្រទេសចិន មានគម្រោងវិនិយោគលើការផលិតជីសម្រាប់បម្រើឲ្យវិស័យកសិកម្ម និងផលិតនូវផលិតផលផ្សេងៗទៀត សម្រាប់ការដាំដុះដំណាំកសិកម្មក្នុងប្រទេសកម្ពុជា។

ដោយមើលឃើញថា កម្ពុជាជាប្រទេសកសិកម្ម ប្រជាពលរដ្ឋជាង៨០ភាគរយប្រកបមុខរបរកសិកម្ម នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ក្រុមហ៊ុនហុងដាស៊ីងយីគ្រុប នៃខេត្ត Guangxi បានបង្ហាញពីគម្រោងធ្វើការវិនិយោគលើការផលិតជី និងផលិតផលិតផលកសិកម្មនៅកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ZHOU YIFENG នាយកក្រុមហ៊ុន ហុងដាស៊ីងយីគ្រុប និងជាសមាជិកសភាចិន នៅខេត្ត Guangxi បានជម្រាបជូនពីឱកាសវិនិយោគរបស់ក្រុមលោកនៅកម្ពុជា ពិសេសការផលិតនូវផលិតផលសម្រាប់បម្រើវិស័យកសិកម្ម រួមនឹងការផ្សព្វផ្សាយបច្ចេកវិទ្យាក្នុងការដាំដុះដំណាំកសិកម្ម ដើម្បីធ្វើឲ្យប្រទេសនេះមានលទ្ធភាពធ្វើការដោះដូរទំនិញ ដែលជាផលិតផលកសិកម្មបានពេញលេញ ជាមួយនិងប្រទេសចិន។

ជាមួយគ្នានោះលោក វេង សាខុន បានស្វាគមន៍ និងគាំទ្រពេញចំពោះគម្រោងការវិនិយោគលើផលិតផលកសិកម្ម ព្រោះថា កម្ពុជាជាប្រទេសដែលមានសក្កដានុពលលើវិស័យនេះ ដែលអាចផ្តល់ឱកាសឲ្យអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ី ស្របពេលដែលរាជរដ្ឋាភិបាលបើកចំហរជើងមេឃទទួលការវិនិយោគមកពីបរទេសតាមរយៈការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

លោកបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលទាមទារឲ្យមានការជំរុញការផលិត និងការបង្កើនគុណភាពផលិត៕

មតិយោបល់