ភ្នំពេញៈ បុរសដែលជាជនសង្ស័យម្នាក់ ក្រោយពីប្រើល្បិចខ្ចីម៉ូតូទៅទិញគ្រឿងក្លែម បែរជាជិះយកទៅបាត់
ធ្វើឲ្យម្ចាស់ស្លន់ស្លោរ កាន់រូបថតនិងកាតគ្រី យកទៅប្តឹងសម្ថិតកិច្ច ប៉ុស្តិ៍គោកឃ្លាង នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បាត់អស់រយៈពេល៨ថ្ងៃ ស្រាប់តែនៅវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយម្ចាស់ម៉ូតូប្រទះឃើញមុខដោយចៃដន្យ នៅក្នុងផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រត់ទៅប្តឹងប៉ូលិសមូលដ្ឋានឲ្យជួយចាប់ឃាត់ នាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោកឃ្លាងវិញ ។
ជនសង្ស័យខាងលើមានឈ្មោះ ចាន់ បុណ្ណារ័ត្ន ហៅធួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ អតីតអ្នកលក់ដូរ នៅផ្សារឯករាជ្យ៣ ជាមួយជនរងគ្រោះ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ននៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក ម្ចាស់ម៉ូតូឈ្មោះ ណន សុីម៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៣១ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
រីឯម៉ូតូដែលជនសង្ស័យយកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9008 ។
តាមសម្តីជនរងគ្រោះរៀបរាប់ឲ្យដឹងថា គាត់និងជនសង្ស័យជាអ្នកស្គាល់គ្នា គ្រាដែលលក់ដូរ ជាមួយគ្នា នៅផ្សារឯករាជ្យ៣ លុះនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កន្លងមក ជនសង្ស័យបានទៅលេងផ្ទះគាត់នៅ ភូមិគោកឃ្លាង បបួលសុំផឹកសុី មួយសន្ទុះ ដោះអាវចេញ ហើយសុំខ្ចីម៉ូតូជិះដោយប្រាប់ថាទៅយកទ្វាខ្វៃ បានកុម្ម៉ង់ទុករួចហើយ ដើម្បីយកមកក្លែម ជនរងគ្រោះបន្តទៀតថា នឹកឃើញ មនុស្សស្គាល់រាប់អានទុកចិត្តគ្នា បានអនុញ្ញាតឲ្យខ្ចីម៉ូតូជិះ ហើយដោយឃើញអត់ទាំងពាក់អាវទៀត លុះបានម៉ូតូជិះហើយ អង្គុយរង់ចាំសាច់ក្លែម ចាំបាត់ៗ អស់ពេញមួយយប់ នៅតែមិនឃើញវិលវិញ។ លុះព្រឹកឡើងចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ទៅតាមសាកសួរដល់ផ្ទះជួល នៅមិនឃើញ ចុចទូរសព្ទក៏លែងចូល ទន្ទឹងរងចាំអស់រយៈពេល៥ថ្ងៃទៅហើយ មិនឃើញវិលវិញ អស់សង្ឃឹម មកដល់រសៀលថ្ងៃទី២៩ ខែមករានេះ សម្រេចកាន់រូបថតជនសង្ស័យ និងឯកសារម៉ូតូ ទៅប្តឹង សមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ។
តាមជនរងគ្រោះបានប្រាប់ឲ្យដឹងនៅ រសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៨ នេះថា ក្រោយពីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គោកឃ្លាងរួចហើយ ដោយមិនអស់ចិត្ត ស៊ើបសាកសួរ អ្នករត់ម៉ូតូ ធ្លាប់ស្គាល់ជនសង្ស័យ តាមដាន លុះមកដល់រសៀលថ្ងៃទី១ នេះស្រាប់តែប្រទះឃើញមុខ ជនសង្ស័យ នៅផ្ទះជួល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ឲ្យជួយទៅចាប់ឃាត់និង នាំយកទៅ ប៉ុស្តិ៍គោកឃ្លាងវិញ ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនបាននាំទៅសាកសួរ នៅប៉ុស្តិ៍គោកឃ្លាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់