ព័ត៌មានជាតិ

Update: អ្នកទេសចរណ៍ជប៉ុនទទួលបានកង់របស់ខ្លួនវិញហើយ

ភ្នំពេញៈ ជនជាតិជប៉ុនដែលជាអ្នកទេសចរណ៍ ​​បាត់កង់នៅស្រុកខ្មែរ កាលពីពេល​កន្លងទៅ បានមកដល់ស្នងការនគរបាលរាជធានីភ្នំពេញ​ហើយ កាល​ពី​ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ​ ​​ដើម្បីធ្វើកំណត់ហេតុទទួលយកកង់របស់ខ្លួនវិញ​ ក្រោយពីសមត្ថកិច្ចបានរកឃើញកាលពីព្រឹកថ្ងៃម្សិលមិញ។

ជនជាតិជប៉ុនជាម្ចាស់កង់មានឈ្មោះ Shun Yanagisawa ជាភ្ញៀវទេសចរណ៍ និងមាន មុខងារជាមន្រ្តីពន្លត់អគ្គីភ័យនៃប្រទេសជប៉ុន។

ប្រភព​ឲ្យដឹងថា កង់នេះបានរកឃើញមកវិញកាល​ពី​វេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ខណៈបរុសវ័យចំណាស់ម្នាក់បានយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ។

ប្រភព​បន្តថា បុរសដែលជាអ្នកទទួលទិញកង់មានឈ្មោះ លី ងួន អាយុ៥០ឆ្នាំ មុខរបរជាចុងភៅស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី៤ ភូមិទ្រ្ទា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ គាត់បានប្រាប់សមត្ថកិច្ចថា មានគេយកកង់នេះមកលក់ឲ្យគាត់ ប៉ុន្តែគាត់មិនបានដឹងថា ជាកង់លួចពីគេនោះទេ។ លុះបានឃើញតាមរយៈប្រព័ន្ធហ្វេសបុក ទើបគាត់សម្រេចចិត្តប្រគល់កង់នេះ មកកាន់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានកង់របស់ខ្លួនមកវិញ បុរសជនជាតិជប៉ុននោះ បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលកម្ពុជា ហើយលោកបានបញ្ជាក់ថា លោកនឹងបន្តទិដ្ឋាការ ដើម្បីស្នាក់នៅទេសចរណ៍កំសាន្តដោយជិះកង់នៅកម្ពុជារយៈពេល១ខែបន្តទៀត។

គួររំលឹកផងដែរថា កង់របស់ជនជាតិជប៉ុនម្នាក់នេះបានបាត់អស់រយៈពេលជាង១០ថ្ងៃក្នុងទឹកដីក្រុងភ្នំពេញ ពោលគឺ កាលពីថ្ងៃទី១៨កក្កដា នៅពេលលោកមកស្នាក់នៅសណ្ឋាគារមួយ ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង កង់របស់គាត់ក៏ត្រូវចោរលួចបាត់។

គួរបញ្ជាក់ថា លោក Shun Yanagisawa បានជិះកង់ចាកចេញពីប្រទេសជប៉ុន ឆ្លងកាត់ជាច្រើនប្រទេស ដូចជា កោះតៃវាន់, ហ្វីលីពីន, សិង្ហបុរី ម៉ាឡេស៊ី, ថៃ តាមរយៈជើងហោះហើរខ្លះ ដោយកប៉ាល់ខ្លះ និងជិះកង់ខ្លះទើបមកដល់កម្ពុជា ដែលគិតចាប់ពីធ្វើដំណើរមកដល់ពេលនេះជិត១ឆ្នាំហើយ៕

photo_2016-08-01_12-57-52photo_2016-08-01_12-57-52 (2)photo_2016-08-01_12-57-51

មតិយោបល់