កណ្តាលៈ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ នគរបាលខេត្តកណ្តាល ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង៣ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ និងលើទិសដៅអនុវត្ត៦ខែ ចុងឆ្នាំ២០១៦។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី ប៊ូយ ប៊ែលទឺ ស្នងការនគរបាលខេត្តអានយ៉ាង និងមានការចូលរួមពីប្រតិភូអមដំណើរជាច្រើនរូប របស់ខេត្តទាំងបីខាងលើនេះ។
របាយការណ៍បូកសរុបរយៈពេល៦ខែ ដើមឆ្នាំ២០១៦ បានបង្ហាញថា ឈរលើទស្សនវិស័យសាមគ្គីភាព មិត្តភាព កងកម្លាំងនគរបាលខេត្តទាំងបី(កណ្តាល-តាកែវ-អានយ៉ាង) បានធ្វើកិច្ចសហប្រតិបត្តិការ បង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សតាមតំបន់ព្រំដែនទទួលបានលទ្ធផលល្អប្រសើរ និងបង្កលក្ខណៈ ងាយស្រួលដល់ការចេញចូលប្រកបមុខរបររកស៊ី ផ្លាស់ប្តូរទំនិញ ការព្យាបាលជម្ងឺ និងចេញ-ចូលការសាកសួរសុខទុក្ខបងប្អូនទៅវិញទៅមក ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគី នៃប្រទេសទាំងពីរ។ ក្រៅពីការងារបង្ការ និងបង្ក្រាបនគរបាលខេត្ដទាំង៣ តែងតែជួបជុំគ្នាដើម្បីផ្លាស់ប្ដូរព័ត៌មាន សភាពការណ៍បទល្មើសនិងសណ្ដាប់ធ្នាប់តាមបណ្ដោយព្រុំដែនសំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងក្ដាប់ឲ្យនូវរាល់សភាពការណ៍ សកម្មភាព មុខសញ្ញាគ្រប់ប្រភេទ ពិសេសមុខសញ្ញាពាក់ព័ន្ធដល់សន្ដិសុខជាតិ ។
ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្ដភាព សហប្រតិបត្ដិការល្អក្នុងការបង្កា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទឲ្យធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រុំដែនរវាងខេត្ដទាំង៣ ភាគីទាំង២(កម្ពុជា-វៀតណាម)បានឯកភាពនិងលើកទិសដៅបន្ដ៖ ១-ភាគីទាំងពីរបន្ដរក្សាឲ្យបានជាប្រចាំនូវការផ្លាស់ប្ដូរព័ត៌មាន និងសកម្មភាពផ្សេងៗដែលបំផ្លិចបំផ្លាញដល់សន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់នៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធិភាព។
២-បន្ដសហប្រតិបត្ដិការតស៊ី បង្ការ និងប្រឆាំងបទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ អំពើភេរវកម្ម ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរអាវុធជាតិផ្ទុះ បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀតដែលធ្វើសកម្មភាពឆ្លងកាត់តំបន់ព្រំដែនខេត្ដទាំងបីនៃប្រទេសទាំងពីរ។
៣-បន្ដអប់រំណែនាំប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ព្រុំដែន ពិសេសអ្នករកស៊ីចេញ-ចូលផ្លាស់ប្ដូរទំនិញ សាកសួរសុខទុកញាតិមិត្ដនិងពិនិត្យព្យាបាលជំងឺផ្សេងៗឲ្យបានយល់ច្បាស់អំពីច្បាប់ និងបទបញ្ញតិព្រំដែននៃប្រទេសទាំងពីរ ដើម្បីឲ្យពួកគាត់រួមចំណែកក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ព្រំដែន។
៤-ជូនដំណឹងឲ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយនូវបញ្ហានានា ដែលកើតមានឡើងដោយសន្ដិវិធីឈរលើគោលការណ៍ច្បាប់ និងគោរពអធិបតេយ្យភាព បូរណភាពដែនដីទៅវិញទៅមក។
៥-បន្ដរក្សាកិច្ចប្រជុំតាមការកំណត់ ឬ វិសាមញ្ញ បើសិនមានតម្រូវការចាំបាច់។
៦-នគរបាលខេត្ដទាំងបីបន្ដយកចិត្ដទុកដាក់ការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកតាមរយៈ ទូរស័ព្ទ ទូរសារ សារអេឡិចត្រូវនិច ឬតាមប្រព័ន្ធ WhatsApp, Telegram ឲ្យបានទាន់សភាពការណ៍ ដើម្បីងាយស្រួលដាក់ចេញជាគោលការណ៍ និងកិច្ចសហប្រតិបត្ដិការឲ្យមានប្រសិទ្ធិភាពខ្ពស់។
៧-ភាគីទាំងពីរឯកភាពរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងវាយតម្លៃកិច្ចសហប្រតិបត្ដិការរយៈពេល៦ខែចុងឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្ដតាកែវ ចំពោះការបរិច្ឆេទទីកន្លែងជាក់ស្ដែង ថ្នាក់ដឹកនាំនៃខេត្ដទាំងបីឯកភាពគ្នានិងជូនដំណឹងជាលាយល័ក្ខអក្សរនៅពេលក្រោយ៕
មតិយោបល់