ព័ត៌មានកីឡា ព័ត៌មានជាតិ

ក្រុមបាល់ទាត់ ធនាគារស្ថាបនា ភីអិលស៊ី កំពុងបោះជំហ៊ានដណ្តើមពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុ

ភ្នំពេញៈ វិស័យកីឡាបាល់ទាត់នៅកម្ពុជា ទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជន នៅក្នុងឆ្នាំ២០១៦នេះ ដែលមានក្រុមកីឡាបាល់ទាត់ជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីចូលរួមធ្វើការប្រកួតដណ្តើមយកពានរង្វាន់ផ្សេងៗ។ ក្នុងនោះ ក្រុមកីឡាបាល់ទាត់ ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានចាត់ទុកថា ជាក្រុមកីឡាករឆ្នើមមួយដែលតែងតែបង្ហាញយុទ្ធសាស្រ្តលេងរបស់ខ្លួនយ៉ាងល្អ ប្រកបដោយក្រមសីលធ៌មក្នុងទីលានប្រកួត។

ក្រុមកីឡាករនេះ មានចំនួន៣១នាក់ ដែលភាគច្រើនមកពីតាមបណ្តាខេត្ត និងរាជធានី ដូចជា ខេត្តកំពង់ឆ្នាំង កំពង់ចាម សៀមរាប កណ្តាល និងភ្នំពេញ ជាដើម។ គិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ក្រុមកីឡាករ ធនាគារស្ថាបនា ភីអិលស៊ី បានចូលរួមប្រកួតចំនួន១៦លើក ដើម្បីដណ្តើមយកពានរង្វាន់ Khmer Real Estate និងពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្នុងនោះ ក្រុមនេះ ទទួលបានជ័យជំនះរហូតដល់១៣លើក ស្មើ២លើក ចាញ់ចំនួន១លើក និងស៊ុតបញ្ចូលទីគូប្រកួតចំនួន៧៣គ្រាប់។ ប្រកួតចុង ក្រោយនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ឈ្នះក្រុមកីឡាករបាល់ទាត់ AMK ក្នុងលទ្ធផល ៤-២ ដើម្បីដណ្តើមពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុ ដែលគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០១៦។

លោកឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា ភីអិលស៊ី បានមានប្រសាសន៍ថា គោលបំណង នៃការបង្កើតឲ្យមានក្រុមកីឡាករបាល់ទាត់នេះឡើង គឺដើម្បីបង្កើតឲ្យមានមិត្តភាពរវាងកីឡាករក្នុង និងក្រៅស្ថាប័ន អាចថែរក្សាសុខភាពបុគ្គលិក និងផ្សព្វផ្សាយឈ្មោះស្ថាប័នដល់សាធារណៈជន។ លោកឧកញ៉ា បានធ្វើការសំណូមពរឲ្យកីឡាករស្ថាបនា ធ្វើខ្លួនឲ្យក្លាយជាកីឡាករល្អ ដោយលោកបានបញ្ជាក់ថា ពាក្យ “កីឡាករល្អ” នេះមិនមែនសំដៅលើការស៊ុតចូលទីដៃគូប្រកួតបានច្រើនទេ ប៉ុន្តែគឺគោរពវិន័យបានល្អ ព្រោះយើង គឺជាអ្នកតំណាងឲ្យធនាគារ ស្ថាបនា ភីអិលស៊ី។ ការរក្សាវប្បធម៌ និងសីលធម៌ល្អ គឺជាចំណុចសំខាន់របស់ក្រុមកីឡាករ ស្ថាបនា។

គួរបញ្ជាក់ថា ធនាគារស្ថាបនា ភីអិលស៊ី ទទួលបានកំណើនឥណទាន និងទឹកប្រាក់បញ្ញើគួរឲ្យកត់សម្គាល់ ដោយផលបត្រឥណទានកើនឡើងពី ៤៨៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ មក៥៥៥លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមខែឧសភា ឆ្នាំ២០១៦។ ចំណែកអតិថិជនឥណទាន ក៏មានការកើនឡើងយ៉ាងឆាប់រហ័សពី១១១,៣៤៧នាក់ រហូតដល់ ១៣០,៦៩៧នាក់។ ស្របជាមួយគ្នានេះ ទឹកប្រាក់បញ្ញើក៏មានសន្ទុះយ៉ាងខ្លាំង ដោយបានកើនឡើងពី ២៥៩លានដុល្លារសហរដ្ឋអាមេរិក រហូតដល់ ៤២៨លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនកើនឡើងពី ១២៧,៩០០នាក់ រហូតដល់ ១៥៤,២៤១ នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០១៦។ នេះជាជោគជ័យថ្មីមួយទៀត របស់ធនាគារ ស្ថាបនា ភីអិលស៊ី ដែលអាចឆ្លុះបង្ហាញពីការកើនឡើងនៃកេរ្តិ៍ឈ្មោះ និងទំនុកចិត្តមកលើស្ថាប័ននេះកាន់តែខ្លាំងឡើងជាលំដាប់៕

មតិយោបល់