ព័ត៌មានជាតិ

បុរស២នាក់ ជិះម៉ូតូទៅបុករថយន្តក្រឡុកបេតុង រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ភ្នំពេញៈ បុរស២នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក និងរថយន្តក្រឡុកបេតុង បណ្ដាលឲ្យរថយន្តអូសជិត១០ម៉ែត្រ និងធ្វើអោយរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រុមវត្តមហាមន្ត្រីផ្លូវ១៩៣ កែងផ្លូវ២៨៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តក្រឡុកបេតុងម៉ាក FUSU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A2316 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៤ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែបុរស២នាក់ បានជិះម៉ូតូម៉ាក ZOMERX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HG7469 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៣ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកទើបបណ្ដាលឲ្យម៉ូតូ ជ្រុលទៅបុកនិងរថយន្តផ្នែកមុខចំហៀងខាងស្តាំ ពេញទំហឹងបណ្តាលឲ្យអូសម៉ូតូ ជាប់ក្រោមរថយន្តប្រហែលជិត១០ម៉ែត្រ ព្រមទាំងធ្វើឲ្យអ្នកបើកម៉ូតូគាបជាប់ និងកង់រថយន្តរងរបួសបែកក្បាល និងភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកអង្គុយខាងក្រោយ រងរបួសតិចតួចបានរត់គេចបាត់ ។

ដោយឡែកខាងរថយន្តវិញ រងការខូចខាតផែ្នកខាងមុខ ចំហៀងខាងស្តាំ ហើយភ្លាមៗនោះដែរ អ្នកបើករថយន្តបានចុះពីលើរថយន្ត ដើម្បីរត់គេចខ្លួនបានប្រហែល៥០០ម៉ែត្រ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ជួយដេញចាប់បានមកវិញ រួចក៏ប្រគល់ទៅអោយសមត្ថកិច្ច ប៉ុស្តិ៍នគរបាលអូឡាំពិក នាំខ្លួនយកទៅសួរនាំផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែង រួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ៕

មតិយោបល់