ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទ ប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រើនឹងដែកទីបបួនជ្រុង វាយលើបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុច មុខផ្ទះលេខ៣Z ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទី ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សោម សាមេត ហៅធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ជនសង្ស័យមានឈ្មោះ គី ប៊ុនធឿន ហៅធឿនកង់បី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រម៉កកង់បី ទាំង២នាក់ស្នាក់នៅផ្ទះលេខ៣Z ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងដែលដកហូតបាន រួមមាន ដែកបំពង់ទីបបួនជ្រុង១ ប្រវែងប្រហែល២ម៉ែត្រកន្លះ ជារបស់ជនសង្ស័យធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរបួរយះដេរ៦ថ្នេរ ក្រោមភ្នែកខាងស្ដាំដាច់សាច់ លើស្មារខាងឆ្វេងដាច់សាច់ ពោះចំហៀងខាងឆ្វេងជាំក្រហម និងចង្អុលដៃឆ្វេងជាំហើម។
មុនពេលកើតហេតុ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩និង៤៥នាទីយប់ ជនរងគ្រោះឈ្មោះ បានដើរចេញពីផ្ទះខ្លួន មកឈរមុខផ្ទះរបស់ជនសង្ស័យ ហើយជេរដៀមដាមដាក់គ្នា ជាមួយជនសង្ស័យ ទាស់ពាក្យសំដីគ្នារឿង ស្ពីកឃ័រជនសង្ស័យបើកលឺថ្លង់ដល់ ជនរងគ្រោះពេលនោះជនសង្ស័យបានដួស ទឹកសាចទៅលើជនរងគ្រោះ ព្រមទាំងយកដែកបំពង់ទីបបួនជ្រុង ដែលនៅក្បែរផ្ទះប្អូនខ្លួន យកមកវាយលើជនរងគ្រោះ រងរបួសធ្ងន់។ ខណៈនោះក៏មានអន្តរាគមន៍ ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះ និងចាប់យកវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត៕
មតិយោបល់