ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត រេចង្កូតជ្រុលធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យជាប់ប្រពន្ធនៅខាងក្នុង ដាច់ខ្យល់ស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់រាចរណ៍ មួយបានកើតឡើង ប្តីប្រពន្ធពីរនាក់បើករថយន្ត មួយគ្រឿងម៉ាកកូរ៉ូឡា ក្នុងល្បឿនលឿន រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឲ្យប្រពន្ធជាប់ក្នុងរថយន្តស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្ករពាក់ស្លាកលេខបាត់ដំបង 1A-2086 មានអ្នករួមដំណើរជាមួយម្នាក់ ត្រូវជាប្រពន្ធ ។ ពួកគេទាំងពីរនាក់នេះ ទើបតែចេញពីខារ៉ាអូខេមួយកន្លែងក្នុងគោលបំណង ត្រឡប់ទៅផ្ទះ ដោយបើកបរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើត ហេតុ បុរសជាអ្នកបើកបរបានងោកមួយភាំង រថយន្តបានរេចង្កូតទៅខាងស្ដាំ ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ មានជម្រៅ៦ម៉ែត្រ លិចបាត់ ។ ពេលនោះ បុរសជាប្តីបានចេញពីក្នុងរថយន្ត ស្រវាតោងកំប្លោកនៅក្នុងប្រឡាយ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ឃើញនាំគ្នាចុះទៅជួយស្រង់យកឡើងលើគោក ។ ចំណែកឯប្រពន្ធបានជាប់នៅក្នុងរថយន្តស្លាប់បាត់បង់ជីវិត ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុក ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី១ ។ ចំណែកឯសាកសពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់