កំពង់ចាមៈ នៅវេលាម៉ោង ២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ក្នុងភូមិ៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា បង្កឡើងជនសង្ស័យ១ក្រុមមានគ្នា២នាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ឈ្មោះ ចំណាប់ ភក្ដី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិជីរោន៍ទី១ ឃុំជីរោន៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យរងរបួសក្បាល។
ក្រោយពីធ្វើសកម្មភាព កម្លាំងអន្តរាគន៍ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញនគរបាលក្រុងកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណុប វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្វាយស្រណោះ ឃុំស្វាយស្រណោះ ស្រុកកងមាស ខេត្តកំពង់ចាម រួមនិងវត្ថុតាងខ្សែក្រវ៉ាត់។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ជា ភេទប្រុស បានគេចខ្លួនបាត់។
ក្រោមការចង្អុលពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម នៅដល់ម៉ោង១០ព្រឹកថ្ងៃដដែល សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានធ្វើការស្រាវជ្រាវរហូតបាន ឃាត់ខ្លួន ឈ្មោះ នៅ ជា ភេទប្រុស អាយុ២៣ឆ្នាំ នៅផ្ទះស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមបញ្ជូនមកកាន់អធិការក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់