ភ្នំពេញៈ កាលពីយប់ថ្ងៃទី៥ សីហា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបើកការប្រគំតន្ត្រីរបស់ខ្លួនជាលើកដំបូង បន្ទាប់ពីបានផ្អាកអស់ច្រើនឆ្នាំដោយសារតែការរុះរើស្ថានីយ៍។ វេទិកាប្រគំតន្ត្រីនោះ ត្រូវគេឃើញមានការចូលរួមដោយវត្តមានកំពូលតារាចម្រៀងរបស់ថៃដ៏ល្បីឈ្មោះម្ចាស់បទ«ម៉ា ម៉ា ម៉ា ចយ កាន់ៗ» Tik Shiro (ទិកហ្ស៊ីរ៉ូ) និងវត្តមានកំពូលតារាចម្រៀងខ្មែរ២ដួងគឺលោកខេមរៈ សិរីមន្ត និងកញ្ញា សុខ ពិសី។ អ៊ីចឹងហើយទើបវេទិកាប្រគំតន្ត្រីដែលអមដោយស្ដង់តាំងពិព័រណ៌យ៉ាងច្រើនស្កេកស្កះនាយប់នោះមានភាពគគ្រឹកគគ្រេង និងមានអ្នកទស្សនាណែនកកកុញ។
មន្ត្រីទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានអះអាងថា នេះជាការប្រគំតន្ត្រីបើកឆាកដែលប៉ុស្ដិ៍លេខ៥សម្រេចធ្វើឡើងដោយជ្រើសធ្វើឡើងរៀងរាល់ថ្ងៃសុក្រនៅដើមសប្ដាហ៍ គឺមានន័យមួយខែទើបធ្វើមួយដង។ ហេតុផលនៃការធ្វើមួយខែម្ដង ដោយមិនជ្រើសធ្វើរៀងរាល់សប្ដាហ៍នេះ គឺដើម្បីធ្វើការប្រគំតន្ត្រីឲ្យមានលក្ខណៈជាទ្រង់ទ្រាយធំ ដូចអ្វីដែលបានរំលេចឡើងកាលពីយប់ថ្ងៃទី៥ សីហា នៅសាលTiffy Arena ជ្រោយចង្វារ ជាប់សាលាន័រតុន ដែលមានមនុស្សកុះករចូលរួម។ មន្ត្រីដដែលបញ្ជាក់ថា ប៉ុស្ដិ៍លេខ៥នឹងសម្រេចរៀបចំប្រគំតន្ត្រីមួយខែម្ដងបែបនេះរហូតដល់ដំណាច់ឆ្នាំ២០០១៦ ដោយក្នុងមួយខែក៏នឹងអញ្ជើញតារាចម្រៀងល្បីឈ្មោះនៅក្នុងប្រទេសថៃមកចូលរួមម្ដងដូចគ្នាបែបនេះ។ ការប្រគំតន្ត្រីនេះក៏កំណត់ឲ្យមានពិធីតាំងលក់ផលិតផលរបស់ប្រទេសថៃ និងកម្ពុជាដើម្បីញ៉ាំងឲ្យវេទិកាតន្ត្រីមានភាពអឺកអធឺកផងដែរ។
ងាកមកកាន់ការប្រគំតន្ត្រីដែលណែនតាន់តាប់ដោយអ្នកទស្សនានោះវិញ គេចាប់អារម្មណ៍ថាវត្តមានរបស់លោកTik Shiro (ទិកហ្ស៊ីរ៉ូ) លោកខេមរៈ សិរីមន្ត និងកញ្ញាសុខ ពិសី បានធ្វើឲ្យឆាកតន្ត្រីរបស់ប៉ុស្ដិ៍លេខ៥មានភាពកក្រើកយ៉ាងខ្លាំង ជាពិសេសគឺសំឡេងហ៊ោរបស់អ្នកទស្សនាតែម្ដង។ នៅខាងក្រៅស្ទើរមិនមានកន្លែងចតកង់ម៉ូតូនោះទេ ខណៈដែលស្ដង់ភាគច្រើនក៏មានលក់អាហារថៃដែលធ្វើឲ្យទាក់ទាញអ្នកចូលរួមទស្សនា។ សុខ ពិសី និងខេមរៈ សិរីមន្ត បានច្រៀងម្នាក់៦បទ ក្នុងពេលដែលលោកទិកហ្ស៊ីរ៉ូ គឺច្រៀងជាច្រើនបទ ហើយត្រូវគេឃើញលោកបញ្ចេញបច្ចេកទេសច្រៀង និងរាំធ្វើឲ្យអ្នកទស្សនាមានភាពហ៊ោកញ្ជ្រៀវយ៉ាងស្ទើររបើកដំបូលទីលាន។ ការប្រគំតន្ត្រីត្រូវគេមើលឃើញថាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែប៉ុស្ដិ៍លេខចំណាយទុនជួលសុទ្ធតែកំពូលតារាល្បីរបស់ថៃ និងកម្ពុជា ឲ្យឡើងប៉ះគ្នាលើឆាកតែមួយ។ ក្នុងនោះតារាចម្រៀងផ្សេងទៀត ក៏សុទ្ធតែមានឈ្មោះបោះសំឡេងផងដែរ បន្ថែមពីលើកំពូលតារាទាំង៣៕









































មតិយោបល់