បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា ក្រោយប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចខាងលើ យើងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ អែល វណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន៤០០គ្រាប់(បួនរយគ្រាប់) រថយន្ត១គ្រឿង ម៉ាក កាមរី ស៊េរីឆ្នាំ ១៩៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ប.ជ 2A-3571 ,ទូរសព្ទដៃចំនួន៤គ្រឿង,កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ចំពោះការបង្រ្កាបករណីជួញដូរគ្រឿងញៀនខាងលើ គឺកងកម្លាំងយើងបានអនុវត្តន៍ទៅតាមវិធាននៃច្បាប់ដែលបានកំណត់ ហើយក្នុងប្រតិបត្តិការបង្រ្កាបនេះ គឺយោងទៅលើព័ត៌មាន ទីតាំង និងការកំណត់មុខសញ្ញាច្បាស់លាស់ ដើម្បីឲ្យប្រតិបត្តិការទទួលបានជោគជ័យ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
https://youtu.be/qx6Q1XYOy0Q
មតិយោបល់