ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ បើករថយន្តឡិចស៊ីស៣៣០ បុកកង់បីនឹងអ្នកអង្គុយលើសួនរងរបួស៦នាក់ នៅមុខណាហ្គា..

ភ្នំពេញ: នារីរូបស្រស់ម្នាក់ បើករថយន្តម៉ាកឡិចស៊ីសRX-330ស៊េរីទំនើបមួយគ្រឿង បុករ៉ឺម៉កកង់បីហើយក៏រេចង្កូតទៅបុកឡើងលើខឿនផ្លូវ បណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិក សុខ លាភ មេត្រី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែង ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខណាហ្គា ជិតស្ពាននាគកោះពេជ្រ។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីមួយគ្រឿង បើកបរដោយបុរសម្នាក់បម្រុងនឹងឡើងស្ពាននាគឆ្ពោះទៅកោះពេជ្រទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសRX-330 ពណ៌ស ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល2A-4870 បើកបរដោយនារីម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកកង់បីហើយរេចង្កូតទៅបុកឡើងលើខឿនផ្លូវ បណ្តាលឲ្យត្រូវអ្នកដែរអង្គុយលេងនៅលើសួនរងរបួសធ្ងន់ស្រាល៦នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសុខលាភមេត្រី ដឹកយកទៅសង្គ្រោះបន្ទាន់រីឯរថយន្តនឹងរ៉ឺម៉កកង់បីវិញរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ តៃកុងរថយន្តក៏ព្យាយាមដោះស្រាយឲ្យជនរងគ្រោះទៅពេទ្យហើយឲ្យសមត្ថកិច្ចជំនាញវាស់វែងយករថយន្តនឹងរ៉ឺម៉កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់