ព័ត៌មានជាតិ

បើករថយន្តរវល់ងាកក្រោយមើលកូន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងទាំងកណ្តាលថ្ងៃត្រង់នៅមុខវត្តនិរោធ

ភ្នំពេញ: ស្ត្រីវ័យក្មេងម្នាក់បានបើករថយន្តម៉ាក CRV មួយគ្រឿង ដោយបានដឹកកូនស្រីអាយុទើបតែជាង២ខួបម្នាក់ នៅខាងក្រោយផងដែរនោះ ដោយរវល់តែងាកមើលកូនក៏ស្រាប់តែរេចង្កូតឡើងទៅលើខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តក្រពឹតផ្នែកខាងមុខបែកធុងទឹក និងផ្ទុះពោងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ទី ១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ចំណុចខាងមុខវត្តនិរោធ ភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-6007មួយគ្រឿង ដែលបើកបរដោយស្ត្រីវ័យក្មេងម្នាក់ ដោយមានឌុបកូនស្រីអាយុជាង ២ខួបម្នាក់ឲ្យនៅខាងក្រោយផងដែរ ដោយធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ចូលមកភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុខាងលើ ខណ:ដែលកំពុងតែបើកបររថយន្តក្នុងល្បឿនលឿមធ្យមមកដល់កន្លែងកើតហេតុនោះ នាងក៏បានងាកក្រោយមើលកូនស្រីតូចរបស់ខ្លួនក៏ស្រាប់តែរេចង្កូតឡើងទៅលើខឿនពុះចែកទ្រូវផ្លូវ និងទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តក្រពឹតផ្នែកខាងមុខ បែកធុងទឹក និងផ្ទុះពោងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ ដោយសារតែរថយន្តម៉ាក CRV មួយគ្រឿងខាងលើបង្កការខូចខាតដល់សម្បត្តិសាធារណ:នោះ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ និងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់