ភ្នំពេញៈ នារីម្នាក់រួមជាមួយមិត្តប្រុស បាននាំគ្នាទៅញាំបាយពេលត្រលប់មកផ្ទះវិញ ចោរលួចគាស់បន្ទប់យកម៉ូតូ និងសម្ភារៈមួយចំនួនអស់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ ឡេង ចន្ថា ហៅស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅភូមិព្រៃ បឹងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបនាងត្រូវបានមិត្តប្រុសម្នាក់ដែលជាមិត្តរួមការងារបានហៅនាងទៅហូបបាយឆានៅម្ដុំរង្វង់មូលចោមចៅ មុននឹងទៅនាងបានយកម៉ូតូទុកនៅក្នុងបន្ទប់ជួលរបស់នាង ហើយចាក់សោម៉ូតូ និងចាក់សោបន្ទប់ជួលរួច ហើយនាងបានជិះម៉ូតូជាមួយមិត្តប្រុស ។ លុះដល់កន្លែងលក់បាយឆា នាង និងមិត្តប្រុស បានហៅបាយឆាហូប ពេលហូបបាយឆានាងបានអង្គុយជជែកគ្នាបណ្ដើរហូបបណ្ដើរ រយៈពេលប្រមាណកន្លះម៉ោងមិត្តប្រុសនាងបានឌុបនាងទៅបន្ទប់ជួលវិញ ពេលទៅដល់ជិតមុខបន្ទប់ស្រាប់តែឃើញបន្ទប់ជួលរបស់នាងចំហទ្វារ នឹកមានការសង្ស័យយ៉ាងខ្លាំង ក៏បានចូលទៅមើលរបស់របរក្នុងបន្ទប់មិនឃើញម៉ូតូឡើយ ព្រមទាំងបាត់របស់របរក្នុងបន្ទប់ មាន speaker សម្រាប់ស្ដាប់បទចំរៀងមួយឈុត ធ្វើឲ្យនាងសោកស្ដាយយ៉ាងខ្លាំង។
តាមប្រភពដដែលបានបន្តទៀតថា ជារៀងរាល់ថ្ងៃទំនេរមានថ្ងៃអាទិត្យ និងថ្ងៃសៅរ៍ រូបនាង និងមិត្តប្រុសនាង តែងនាំគ្នាទៅហូបចុកនៅខាងក្រៅជាញឹកញាប់ដែរ តែសព្វដងម៉ូតូរបស់នាងតែងយកទៅផ្ញើនៅកន្លែងផ្ញើម៉ូតូ តែនៅថ្ងៃនេះ នាងពុំបានផ្ញើម៉ូតូនឹងគេឡើយ ដោយនឹកថានាងទៅហូបអីតែមួយសន្ទុះ នឹងប្រញាប់មកភ្លាមផង ព្រោះយប់ណាស់ហើយ។
ម៉ូតូដែលចោរលួចគាស់យកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1A-3254។
ក្រោយពេលកើតហេតុ នាង និងមិត្តប្រុសនាង បាននាំគ្នាទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស៊ើបសង្កេត និងតាមចាប់បក្ខពួកចោរទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់