សៀមរាបៈ លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកស៊ីណា ធ្វើដំណើរពីកើតទៅលិច ស្របទិសគោយន្តច្នៃ បានជ្រុលចង្កូតទៅបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ស្ថិតលើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែងរវាង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ តាន ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ(ស្លាប់) រស់នៅភូមិព្រែធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ និងអ្នករួមដំណើរ២នាក់ ឈ្មោះ ហ៊ម ហ៊ាក ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) និងឈ្មោះ ហ៊ម ភេទប្រុស អាយុ៤៦ឆ្នាំ(របួសស្រាល) ទាំង២នាក់រស់នៅភូមិបេង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ចំណែករថយន្តម៉ាក ស៊ីណា ពណ៌ស ស្លាកលេខភ្នំពេញ 2AC-9176 ជនមិនស្គាល់អត្តសញ្ញាណចុះគេចខ្លួនបាត់ មានអ្នករួមដំណើរ7នាក់ របួសម្នាក់ស្រាល ឈ្មោះ ឈុន អេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់និរោធិ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះវាស់វែង យករថយន្តមករក្សាទុក កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់