(ភ្នំពេញ)៖ ពលការិនីខ្មែរចំនួន០១ នាក់ ឈ្មោះ យូ ចិន្តា មានស្រុកកំណើត នៅភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបាន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ជួយ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦ លោក ជុំ សុន្ទរី មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ពលការិនី យូ ចិន្តា បានទៅស្ថានទូត នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកស្រុកកំណើតវិញ។ ដោយថៅកែ មិនព្រមដោះស្រាយបើកប្រាក់ខែដែលនៅសល់ តាមការព្យាយាមសម្របសម្រួលរបស់ស្ថានទូត ស្ថានទូតបានប្ដឹងករណីនេះ ទៅតុលាការការងាររបស់ម៉ាឡេស៊ី។
បន្ទាប់ពីការ សម្របសម្រួលរបស់តុលាការ ថៅកែរូបនេះ បានយល់ព្រមបើកប្រាក់ខែដែលនៅសល់ឲ្យពលការិនី យូ ចិន្តា ។ ពលការីនីខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១៥និង៥៥ នាទី តាមជើងយន្តហោះ AK ៥៣៤។ កំឡុងពេលរង់ចាំ ការត្រឡប់មកកម្ពុជាវិញស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ពលការិនី យូ ចិន្តា ផងដែរ៕
មតិយោបល់