(រាជធានីភ្នំពេញ)៖ អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៌ស្នងការ ជួន សុវណ្ណ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការបាញ់ប្រហារយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់មិញ។
ជនសង្ស័យមានគ្នា ២នាក់ ជាបងប្អូនបង្កើត ហើយជនសង្ស័យ ជាបងប្រុស និងជាមន្រ្តីយោធាផងនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ស្ថិតនៅផ្ទះតាមបណ្តោយផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃនេះ ខណ:ជនសង្ស័យជាប្អូនប្រុស បាន និងកំពុងរត់គេចខ្លួន។
សេចក្តីរាយការណ៌ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ គង់ កុសល អាយុ ៣៦ឆ្នាំ និងជាម្ចាស់កាំភ្លើងខ្លី តែកាំភ្លើងនោះ ត្រូវបានប្អូនប្រុស យកទៅជាមួយបាត់ហើយ។ សម្រាប់ករណីនេះ ត្រូវបានសមត្ថកិច្ច ប្រាប់ថា បណ្តាលមកពីរឿងគំនុំ ។ នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តទៀត។
សូមបញ្ជាក់ថា យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានបុរស ២នាក់ បានប្រើកាំភ្លើងខ្លី បាញ់ប្រហារជាច្រើនគ្រាប់ នៅមុខទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង នៅប្លុកបឹងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាម៉ោង០១ និង៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ។
បើតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅម៉ោងខាងលើ គេបានឃើញយុវជនរងគ្រោះ បានឈ្លោះប្រកែកគ្នាជាមួយជនបង្ក ២នាក់ លុះមួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីកើតឡើង រវាងជនបង្ក និងជនរងគ្រោះនោះទេ គឺស្រាប់តែជនបង្កទាំង ២នាក់ បានដកកាំភ្លើងខ្លីពីចង្កេះ ធ្វើការបាញ់ប្រហារមកលើជនរងគ្រោះ ជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវចង្កេះពីខាងក្រោយ ធ្លាយមកពោះ រងរបួស ដេកដួលលើដីតែម្តង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយ ជនបង្កទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Fino ពណ៌សលាយផ្កាឈូក គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល ដោយបន្សល់ទុក នៅតែជនរងគ្រោះ និងសំបកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយជនរងគ្រោះ ត្រូវបានមិត្តភ័ក្តិ ដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យ លោកសង្ឃ ភ្លាមៗផងដែរ។ បើតាមការប្រាប់ពីឪពុក របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ចិន្តា ស្នាក់នៅផ្ទះលេខ ៤៩បេ ផ្លូវលេខ១៣៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក៕
មតិយោបល់