ព័ត៌មានជាតិ

៣សាខារោងចក្រតែមួយ សង្ស័យក្ស័យធន ដល់ថ្ងៃបើកប្រាក់ខែថៅកែវេចបង្វិចរត់បាត់..

​ភ្នំពេញៈ បងប្អូនកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៣កន្លែង ដែលមានថៅកែតែមួយ បានជួបប្រមូលផ្តុំគ្នា និងនាំគ្នា ផ្តិចមេដៃពឹងពាក់សហជីពនិងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យជួយអន្តរាគមន៍ បន្ទាប់ពីដល់ថ្ងៃកំណត់បើកប្រាក់ខែ ហើយថៅកែបានវេចបង្វិចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
រោងចក្រ ដែល ថៅកែរត់បាត់សង្ស័យក្ស័យធននោះ ១. យីហោអ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រី (ខេមបូឌា) មានកម្មករ កម្មការិនី ប្រមាណ៨០០នាក់ ដែលមានទីតាំង ស្ថិតនៅ ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ , ២.រោងចក្រ អេស អ អ៊ី ហ្គាមេន មានកម្មករកម្មការិនី ប្រមាណ៤០០នាក់ មានទីតាំងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២និង៣. រោងចក្រយ៉ូ ដា ហ្គាមេន អ៊ិនដាស់ស្ទ្រី មានទីតាំងនៅជាប់គ្នា នេះដែរ មានកម្មករ ប្រមាណ៤០០នាក់ ។

តាមតំណាងកម្មករ បានឲ្យដឹងថា រោងចក្រកាត់ដេរទាំង៣នោះជាសាខាគ្នា ដែលមានថៅកែតែមួយ មិនដិងពីមូលហេតុនោះទេ ស្រាប់តែថៅកែបានវេចបង្វិចរត់បាត់ កាលពីវេលារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ សូម្បីតែសន្តិសុខក៏ពុំបានដឹងដែរ។

តាមសម្តីកម្មករកម្មការិនីរោងចក្រ អ៊ីហ្វា ហ្គាមេន បានឲ្យដឹងថា ជាទូទៅរោងចក្រ នេះបានបើប្រាក់ខែឲ្យកម្មករ នៅថ្ងៃទី០៦ ដើមខែ។ សម្រាប់ខែនេះ ដល់ថ្ងៃមិនបានបើកប្រាក់ខែដូចសព្វដងហើយថៅកែរោងចក្រ ក៏បានសន្យាថា បើកនៅថ្ងៃទី១០។ នៅថ្ងៃទី៧ ខែកុម្ភៈ រោងចក្របានឈប់សម្រាក់មួយថ្ងៃ លុះនៅវេលាល្ងាច ស្រាប់តែមានការភ្ញាក់ផ្អើលថា ថៅកែវេចបង្វិច រត់បាត់ហើយ នៅព្រឹកនេះកម្មករកម្មាការិនីក៏បាននាំគ្នា ជួបប្រមូលផ្តុំគ្នានៅមុខរោងចក្រតែម្តង។

តាមព័ត៌មានឲ្យដឹងទៀតថា មានការភ្ញាក់ផ្អើលថៅកែរត់បាត់ មានម្ចាស់ ម៉ាស៊ីនដេរ និងខាងភ្លើង ក៏បានទៅដល់រោងចក្រ ហើយប្រាប់កម្មករថា ថៅកែវបានជំពាក់ប្រាក់ថ្លៃម៉ាស៊ីននិងថ្លៃភ្លើង។
ដោយឡែក រោងចក្រ២ទៀត ដែលជាសាខាក៏ដូចគ្នាដែរ។ ទោះបីជាយ៉ាងណាគេពុំដឹងពីមូលហេតុអ្វីនោះទេ បានជាថៅកែរត់បាត់។

ព័ត៌មានខ្លះបានឲ្យដឹងថា ដោយសាតែថៅកែបានក្ស័យធន។ នៅព្រឹកនេះខាងមន្រ្តីអធិការកិច្ចក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះទៅត្រួតពិនិត្យ ទីតាំងរោងចក្រ ដើម្បីចាត់វិធានការដោះស្រាយជូនកម្មករកម្មការីនី៕
https://youtu.be/K10NmLXZHLQ

មតិយោបល់