កណ្តាលៈ នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនជាង២០កញ្ចប់តូច។
ហេតុការណ៍ឃាត់ខ្លួននេះ ប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីព្រឹក ស្ថិតនៅចំណុចផ្ទះជនសង្ស័យភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ចត់ សារ៉េន ហៅរ៉េម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហតុ។
ចំណែកសម្ភារៈដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២០កញ្ចប់ ក្នុងនោះមធ្យម២កញ្ចប់ អាវុធកែច្នៃបាញ់គ្រាប់កង់១ដើម ទូរស័ព្ចដៃ១គ្រឿង ម៉ាកណូគាស៊ីម២ ពណ៌ខ្មៅ និងឧបករណ៍ប្រើប្រាស់វេចខ្ចប់ មួយចំនួនទៀត។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្ស័យកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ ភ្លាមៗនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងលើ ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចត់ សារ៉េន ហៅរ៉េម យើងបានឆែកត្រួតពិនិត្យខ្លួនជនសង្ស័យ រកឃើញមានថ្នាំញៀន ចំនួន២០កញ្ចប់ ក្នុងនោះមធ្យម២កញ្ចប់។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះ យកមកឲ្យនៅតាមផ្លូវជួនខាងកើត ភូមិជួនខាងលិចភូមិ ដើម្បីយកទៅលក់បន្ត ទិញម្តងចំនួន៤០០០០០រៀល ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចត់ សារ៉េន ហៅរ៉េម មានដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល លេខ ៧៣១ដ ក.ប ច.ខ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់