ភ្នំពេញៈ នៅដើមខែមិថុនានេះ ករណីដង្កូវហ្វូង បានផ្ទុះឡើងនៅក្នុងខេត្តមួយចំនួន ដូចជា កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង ឧត្តរមានជ័យ ដែលស្ថានភាពនេះ បានបង្កឲ្យដំណាំទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ។
យោងតាមសេចក្តីជួនដំណឹង របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមិថុនានេះ បានឲ្យដឹងថា ក្រសួងបានចេញសេចក្តីជូនដំណឹងទៅកាន់ប្រជាកសិករ ឲ្យបានដឹងអំពីករណីផ្ទុះ ដង្កូវហ្វូង នៅក្នុងខេត្តមួយចំនួន ហើយអាចរីករាលដាលដល់តំបន់ផ្សេងៗទៀតផងដែរ ដូច្នេះក្រសួងបានស្នើឲ្យកសិករត្រៀមអន្តរាគមន៍ដើម្បីកម្ចាត់ដង្កូវហ្វូងដែលកំពុងបំផ្លាញដំណាំកសិករ ។
បើយោងតាម សេចក្តីជួនដំណឹងខាងលើនេះបានឲ្យដឹងថា ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចំបងមួយប្រភេទនៅអាស៊ី។ នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខ ដូចជា ស្ពៃ សណ្តែក ពោត ។ល។ តែងរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ។
ដោយឡែកដំណាំស្រូវក៏ត្រូវទទួលរងនូវការបំផ្លាញច្រើន នាដើមរដូចវស្សានៅឆ្នាំណាដែលជួបប្រទះគ្រោះរាំងស្ងួតខ្លាំង ព្រោះនៅពេលភ្លៀងដើមរដូវ រុក្ខជាតិទាំងអស់ចាប់ផ្តើមដុះលូតលាស់ល្អ បង្កើតបានជាជម្រក និងចំណីអាហារសមស្រប ធ្វើឲ្យដង្កូវមានលទ្ធភាពបង្កើតកូនបានច្រើន ហើយបន្ទាប់មកមានការរាំងស្ងួត អូសបណ្លាយ ធ្វើឲ្យមានការបាត់បង់ ពពួកសត្វមានប្រយោជន៍ផងនោះ ដង្កូវហ្វូងក៏មានលទ្ធភាពបង្កើន ប្រជាករ និងរាលដាលបំផ្លាញដំណាំស្រូវពីស្រែមួយទៅ ស្រែមួយទៀតទាំងហ្វូងៗ ចំពោះស្រែគ្មានទឹកវាកាត់ស៊ីដល់គល់តែម្តង ចំណែកឯស្រែមានទឹកវិញ វាកាត់ស៊ីផ្នែកខាងលើទឹកទាំងអស់។
ដើម្បីទប់ស្កាត់ការរីករាលដាលដង្កូវហ្វូង អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ជាវិធីសាស្ត្រ កម្ចាត់ដង្កូវហ្វូងដល់ប្រជាកសិករសម្រាប់ជាជំនួយស្មារតី ដូចមានរៀបរាប់លម្អិតនៅក្នុងសេចក្តីជួនដំណឹងខាងក្រោមនេះ៕
មតិយោបល់