ព័ត៌មានជាតិ

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងចូលមកដល់

(ភ្នំពេញ)៖ ចំពោះទីក្រុងភ្នំពេញ ក៏ចាប់ផ្ដើមមានសភាពស្ងប់ស្ងាត់ជាបណ្តើរៗ ដោយក្រុមប្រជាពលរដ្ឋ ចាប់ផ្ដើមធ្វើដំណើរពី ភ្នំពេញ ទៅតាមបណ្ដាខេត្ត នានា។ ពលរដ្ឋ ដែលចេញពីភ្នំពេញ ក្នុងថ្ងៃនេះ ភាគច្រើនជាកម្មករ កម្មការិនី និងអ្នកមកធ្វើការងារនៅភ្នំពេញ។ ហាងលក់ទំនិញ និងផ្ទះរបស់ពលរដ្ឋមួយចំនួន ចាប់ផ្ដើមបិទទ្វារ នៅថ្ងៃទី១៣ ខែមេសា នេះ។

ផ្លូវថ្នល់ ដែលធ្លាប់តែកកស្ទះ ដោយយានយន្តគ្រប់ប្រភេទ ណែនណាន់តាន់តាប់នោះ ក៏ប្រែស្រឡះល្អ មិនកកស្ទះ ដូចសព្វដងទេ។ ប៉ុន្តែទោះបែបនេះក្តី នៅតាមបណ្ដាផ្សារនានា ក្នុងក្រុងភ្នំពេញ ជាពិសេស គឺពេលព្រឹក នៅតែមានមនុស្សចេញចូលទៅមក ដោយអ្នកខ្លះ ទិញគ្រឿងរណ្ដាប់ ទទួលទេវតាឆ្នាំថ្មី និងទិញគ្រឿងម្ហូបអាហារ ជាដើម។

ជារៀងរាល់ឆ្នាំ កម្មករកម្មការិនី រោងចក្រកាត់ដេរ នាំគ្នាសម្រុកទៅស្រុកកំណើត នៅតាមបណ្ដារោងចក្រ និងផ្ទះជួល មានសភាពស្ងប់ស្ងាត់។ ផ្លូវធំៗ ចេញពីភ្នំពេញ ទៅបណ្ដាខេត្ត នានា ភាគច្រើន ឃើញរថយន្តធ្វើដំណើរចេញពីភ្នំពេញ ច្រើនជាងចូលភ្នំពេញ។ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នៅពេលមានពិធីបុណ្យទានម្តងៗ តម្លៃរថយន្តឈ្នួល តែងឡើងថ្ងៃខ្ពស់ជាងធម្មតា ទោះមានការអំពាវនាវ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនឲ្យដំឡើងថ្លៃក្តី។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ ឯកឧត្តមប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង អភិបាលខណ្ឌសែនសុខថ្មី លោក ប៉ឹល កុសល ជំនួសលោក លី សាវេត ដែលត្រូវទៅកាន់ដំណែងថ្មី អភិបាលរង ខេត្តកំពត។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានជួយរំលឹកដល់ពង្រឹងការងារ មួយចំនួនទៀត ដូចជា ៖

១. ត្រូវធ្វើការងា ដោយយកចិត្តទុកដាក់ កុំបន្សល់ឲ្យមានបញ្ហារ ដល់ថ្នាក់ក្រោមរបស់យើង
២. ត្រូវថែរក្សាសុវត្ថិភាពឲ្យបានល្អ ក្នុងឪកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ទាំងអំពើចោរកម្ម លួចប្លន់ គ្រោះអគ្គីភ័យ ចរាចរ ល្បែងស៊ីសង គ្រឿងញៀន គ្រប់ប្រភេទ និងរឿងការគ្រប់គ្រងសំណង់ សុរិយោដី ផងដែរ។
៣. បង្កើនការធ្វើការងារ ជូនប្រជាពលរដ្ឋ ឲ្យបានលឿនទាន់ពេលវេលា
៤. សេវា ត្រូវធ្វើឲ្យលឿន និងមានគណនេយ្យភាព ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវត្រួតពិនិត្យ និងជួសជុលឡើងវិញ នូវផ្លូវដែលខូចខាត និងប្រឡាយ ទាំងប្រព័ន្ឋលូ គ្រប់កន្លែង ដោយចិត្តទុកដាក់ខ្ពស់ នៅក្នុងខណ្ឌរបស់ខ្លួន។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ខាងមុខនេះ។ រាជធានីភ្នំពេញ ក៏តែងតែស្ងប់ស្ងាត់ ក្នុងរយៈពេលនេះ ផងដែរ៕

photo_2016-04-11_17-31-10 photo_2016-04-11_17-31-18 photo_2016-04-11_17-31-21 photo_2016-04-11_17-31-24 photo_2016-04-11_17-31-27 photo_2016-04-11_17-31-30

មតិយោបល់