ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវដល់ពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន និងគោរពច្បាប់ចរាចរណ៍

(បន្ទាយមានជ័យ​)៖​ ដើម្បី​កែ​លម្អ​សោភ័ណភាព ​ក្នុង ​ក្រុង​សិរី​សោ​ភ័ណ​ ពិសេស​ក្នុង ​ខេត្ត​បន្ទាយមានជ័យ​ នៅមុន​ឱកាស​ចូលឆ្នាំថ្មី ​ប្រពៃណីជាតិ ​ឆ្នាំវក​អដ្ឋស័ក​ ពុទ្ធសករាជ​២៥៦០​ និង​ដើម្បី​ជា​សារ​ផ្ញើជូន ​ដល់​ប្រជាពលរដ្ឋ ​ឱ្យ​ចូល​រួម​ថែរក្សា​បរិស្ថាន ​អនាម័យ​ និង​គោរព​ច្បាប់​ចរាចរណ៍​នោះ លោក សួន បវរ ​អភិបាលខេត្ត ​បន្ទាយមានជ័យ​ នា​រសៀល​ថ្ងៃទី​១១ ​ខែមេសា ​ឆ្នាំ​២០១៦​នេះ​ បាន​ដឹកនាំ​មន្ត្រីរាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​ទាំងអស់ ​ក្នុង​ខេត្ត​ ចុះធ្វើការ​រើស​សំរាម សម្អាត​ទីក្រុង​។

លោក សួន បវរ បាន​ថ្លែងប្រាប់​ Post News​ ថា ​ការដែល​នាំគ្នា​មក​រើស​សំរាម ​នៅពេលនេះ​ គឺ​ដើម្បី​សម្អាត​ទីក្រុង​យើង​ ឱ្យ​មាន​សោភ័ណភាព ​និង​ផា​សុកភាព​ ពិសេស​នាំមក​នូវ​សិរី​សួស្តី​ ក្នុងឱកាស​ចូលឆ្នាំថ្មី​។ ​មួយវិញទៀត ​បំផុស​ដល់​ស្មារតី​ប្រជាពលរដ្ឋ ​ឱ្យ​មាន​ការចូល​រួម​ទាំង​អស់​គ្នា ​ក្នុង​ការ​សម្អាតបរិស្ថាន ​និង​ស្រឡាញ់​ភាព​ស្អាត​។​ លោក​បន្តថា ​កន្លងមក​ក្រុង​សិរីសោភ័ណ​ បានដាក់​បញ្ចូល ​ក្នុង​ការ​ប្រលង​ប្រណាំង ​ទីក្រុង​ស្អាត​ថ្នាក់​ជាតិ ​ទទួល​បាន​រំដួល​ ២ទង ​តែ​លោក​សង្ឃឹមថា ​ក្រោម​ការ​ខិតខំ​របស់លោក​ និង​ពលរដ្ឋ​ មានការ​យល់ដឹង​ពី​បរិស្ថាន​ លែង​ចោល​សំរាម ​ពាសវាលពាសកាល​ ទុកដាក់​ឱ្យ​មាន​របៀប​នោះ ​យើង​នឹង​អាច​ទទួលបាន ៣ទង​ ក្នុង​ការ​ប្រកួត ​លើក​ក្រោយ​។ ​តែ​ទោះជា​យ៉ាងណា ​លោក​សូម​អំពាវនាវ ​ដល់​បង​ប្អូន​ចូលរួម​ទាំងអស់គ្នា​ ដើម្បីឱ្យ​ទីក្រុង​យើង​ស្អាត ​មាន​អនាម័យ ​ពិសេស​គោរព​ច្បាប់​ចរាចរណ៍​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ ​គឺជា​ការគោរព​នូវ​ជីវិត​ខ្លួនឯង ​និង ជីវិត​អ្នកដទៃ៕

photo_2016-04-11_17-13-16photo_2016-04-11_17-12-54photo_2016-04-11_17-13-06

មតិយោបល់