ព័ត៌មានជាតិ

ជិះម៉ូតូមិនទាន់ក្តៅគូថផង ត្រូវគេភ្ជង់ប្លន់យកទៅដោយសុវត្ថិភាព

ភ្នំពេញៈ បុរស​ ពីរនាក់​ ត្រូវបានក្រុមចោរមានគ្នា​ ៣ប្រដាប់ដោយអាវុធខ្លីមួយដើមធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ​ មួយគ្រឿង​ កាលពីវេលាម៉ោង​៨និង៤០នាទីយប់​ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងកើតគល់ស្ពាន​លី​ យ៉ុងផាត់​ ប្រហែលជា​ ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ប្រភព​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន វណ្ណៈ​ ភេទប្រុស អាយុ​ ៣៦ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅក្នុងការដ្ឋានក្បែស្ថានីយ៍ទូរទស្សន៍ PNN និងម្នាក់ទៀតឈ្មោះ ប៉ាវ ចិន្ដា ភេទប្រុស អាយុ​ ២១ឆ្នាំ ស្នាក់នៅភូមិព្រែកតាសេត​ សង្កាត់ព្រែកតារ័ត្ន​ ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតជាមួយគ្នា​នៅភូមិកំពង់ភ្នំ​ ឃុំអំពិលទឹក​ ស្រុកលើកដែក​ ខេត្តកណ្តាល​។

ប្រភពព័ត៌មាន​ពីជនរងគ្រោះបានឲ្យដឹង​ មុនពេលកើតហេតុរូបគាត់​ ហើយនិងឈ្មោះ ប៉ាវ ចិន្ដា បាននាំគ្នាជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ HONDA​ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1BS-4461 ដោយបានជិះចេញពីការដ្ឋានបំណងទៅរកទិញអីហូបនៅម្តុំគល់ស្ពាន​ លី​ យ៉ុង​ផាត់ត្រើយខាងលិច។​

នៅពេលដែលជិះដល់គល់ស្ពានត្រើយខាងកើតបានប្រហែលជា​ ១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យមានគ្នា​ ៣នាក់ បានជិះម៉ូតូ​ ២គ្រឿង​ ម៉ាក​ SL​ មួយគ្រឿង​ និងម៉ាក​ MSX​ មួយគ្រឿង​ ព្រមទាំងប្រដាប់ដោយកាំភ្លើងខ្លី​ មួយដើម មិនស្គាល់ម៉ាកបានជិះមកជិត​ ហើយដកកាំភ្លើងភ្ជង់​ និងវាយមកលើរូបគាត់​ ២ស្នាប់កាំភ្លើងថែមទៀត​ បណ្ដាលឲ្យរូបគាត់បែកក្បាលហូរឈាម។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងទឹកដីខណ្ឌជ្រោយចង្វានេះ​ គឺតែងតែមានករណីប្លន់ប្រដាប់អាវុធជាញឹកញាប់​ ហើយករណីនេះ​ បានបណ្ដាលឲ្យជនរងគ្រោះរងរបួសថែមទៀត ចំណែកឯជនសង្ស័យគឺជាមុខសញ្ញាចាស់ដដែលៗ តែកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងកងរាជអាវុធហត្ថនៅមិនទាន់បង្ក្រាបបាននៅឡើយទេ​។

ក្រោយពីកើតហេតុ​ កម្លាំងសមត្ថកិច្ច​ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ​ បានចុះទៅសួរនាំជនរងគ្រោះ​ ក្រោយមកជនរងគ្រោះបានដាក់ពាក្យប្តឹង​ ដើម្បីឲ្យកម្លាំងសមត្ថកិច្ច​ និងកម្លាំងកងរាជអាវុធហត្ថ​ ដើម្បីកំណត់មុខសញ្ញា​៕

មតិយោបល់