ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

EU ដាក់សម្ពាធមកលើកម្ពុជា តែនាយករដ្ឋមន្ត្រី ស្នើសុំកុំឲ្យស្ដាប់ព័ត៌មានពីភាគីតែម្ខាង

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យធ្វើការកែទម្រង់ ស្តីអំពីការទទួលបានព័ត៌មាន ជាពិសេសសហគមន៌ EU កុំស្តាប់ និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង គឺត្រូវឲ្យស្គាល់ពីអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការបកស្រាយខុស ជាពិសេសមកលើប្រទេសដែលមានអធិបតេយ្យភាពដូចកម្ពុជា។

ការស្នើរបស់សម្ដេចនៅពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ គ្រាដែលសម្តេចតេជោ បានអនុញ្ញាតឲ្យលោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ការស្នើនេះដែរ កាលពីពេលថ្មីៗនេះ ក្រុមសមាជិកសភាសហភាពអឺរ៉ុប បានសម្រេចអនុម័តលើឯកសារមួយដែលអាចនឹងបញ្ចប់ការផ្ដល់ជំនួយជាង៤១០លានអឺរ៉ូ ដើម្បីដាក់សម្ពាធលើកម្ពុជា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គជប ព្រមទាំងសកម្មជន និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងផងដែរ។

ហ្វេសប៊ុកសម្ដេចបានឲ្យដឹងថា លោក Gerd Moller បានជម្រាបជូនសម្តេចតេជោ អំពីដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គឺទី១ ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ និងទី២ គឺដើម្បីជួបជាមួយគណបក្សប្រឆាំង ដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដនាពេលបច្ចុប្បន្ននេះ។ លោក Gred បានជម្រាបជូនសម្តេចតេជោ ថា ដោយសារកម្ពុជា មានស្ថេរភាព និងសន្តិភាព ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ កម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍខ្លាំងឡើងជាលំដាប់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិដែលគួរឲ្យកត់សម្គាល់។

លោក Gerd Moller បញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់ និងកម្ពុជា គឺកំពុងតែដំណើរការល្អ ហើយយើងនឹងធ្វើការរួមគ្នាក្នុងការជំរុញវិមជ្ឈការផ្ទេរអំណាចឲ្យបានច្រើនដល់មូលដ្ឋាន ផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយនឹងសហការរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលធាតុអាកាស ដែលជាការព្រួយបារម្ភរបស់ពិភពលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ដែលបានជួយកម្ពុជា លើវិស័យច្បាប់ និងវិស័យផ្សេងៗ ដូចជាវិមជ្ឈការ និងសហវិមជ្ឈការផងដែរ ដែលកម្ពុជា បាន និងកំពុងទទួលផលវិជ្ជមានពីកំណែទម្រង់ទាំងនេះ ហើយភាពក្រីក្រ ក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនឹងនោះ ចំពោះបញ្ហាទាក់ទងនឹងបក្សប្រឆាំងវិញ សម្តេចតេជោ បានមានប្រសាសន៍ថា បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាអាវក្រោះការពារខ្លួននោះទេ។ សម្តេចតេជោ ក៏បានជម្រាបជូន លោក Gerd Moller ផងដែរថា សម្តេចបានស្នើសុំឲ្យធ្វើការកែទម្រង់ ស្តីអំពីការទទួលបានព័ត៌មាន ជាពិសេសសហគមន៌ EU កុំស្តាប់ និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង គឺត្រូវឲ្យស្គាល់ពីអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការបកស្រាយខុស ជាពិសេសមកលើប្រទេសដែលមានអធិបតេយ្យភាពដូចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីសន្តិភាពសម្រាប់កម្ពុជា ទាំងមូល គឺមិនដែលមានចិត្តព្យាបាទ ឬធ្វើបាបនរណាម្នាក់ឡើយ៕

មតិយោបល់