កណ្ដាលៈ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ វ៉ារថយន្តមិនផុត ទៅបុករថយន្តមួយគ្រឿងទៀត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៥ និង២០នាទីល្ងាច ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ផ្លូវជាតិលេខ១ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ម្ចាស់ម៉ូតូ Wave ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1G- 9654 មានឈ្មោះ ពុធ សារុន ភេទប្រុស អាយុ ២៨ឆ្នាំ (ខ្មែរ) មុខរបរកម្មករ មានទីលំស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូក្នុងទិសដៅ ភ្នំពេញអ្នកលឿង (រងរបួសធ្ងន់) ចំណែកតាកុងរថយន្ត ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក៨៦១៦.ភព៣ បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ បានរត់គេចខ្លួនបាត់។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេម៉ោងខាងលើ អ្នកបើកបរម៉ូតូម៉ាក Wave និង អ្នកបើករថយន្តហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បានវ៉ារថយន្តផ្សេងៗ មានទិសដៅស្របគ្នា តែវ៉ាមិនផុត ក៏បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ានដាយចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបរម៉ូតូរងរបួសធ្ងន់ រីឯអ្នកបើកបររថម៉ាក ហ៊ីយ៉ាន់ដាយ រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ដខាងលើ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ស្រុកកៀនស្វាយ វាស់វែង យកទៅរក្សានៅអធិការនគបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនិតិវីធីច្បាប់៕
មតិយោបល់