ព័ត៌មានជាតិ

គំនុំរវាងបងថ្លៃ និងប្អូនថ្លៃ ទាញដាវចាក់ដោតជាប់ខ្លួន ម្ខាងស្លាប់ ម្ខាងរត់បាត់!

កំពង់ធំៈ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានទាញដាវកាប់ចាក់ទៅលើបុរសម្នាក់ទៀតដោតជាប់ខ្លួន ​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លួន ធូ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិបឹងខាត្បូង ឃុំបឹង ត្រូវបានជនសង្ស័យឈ្មោះ ម៉ោល មុត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះជាមួយជនរងគ្រោះ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) បានដុតនឹងដាវ មុតចំក្រោមក្លៀកខាងឆ្វេង បណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុតែម្តង។

តាមប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា កន្លងមកជនរងគ្រោះ ធ្លាប់បានទាស់សម្ដីជាមួយជនល្មើស ម្ដងរួចមកហើយ ហើយមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានទាស់សម្ដីគ្នាម្ដងទៀត ដោយជនរងគ្រោះបានគំរាមថានឹងអារ.កជនសង្ស័យចោល លុះពេលកើតហេតុ ជនសង្ស័យកំពុងដេកនៅលើគ្រែខាងជើងផ្ទះ ជនរងគ្រោះក៏មកដល់ បានកាន់ដាវទៅរករឿងជាមួយជនសង្ស័យ ពេលនោះអ្នកទាំង២ក៏បានប្រតាយប្រទប់គ្នារហូតដល់ជនសង្ស័យដណ្ដើមបានដាវហើយចាក់ទៅលើជនរងគ្រោះ ត្រូវចំក្រោមក្លៀកខាងឆ្វេងចំនួន១ដាវ (ដោតជាប់នឹងខ្លួន) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ចំណែកភ្លាមៗជនសង្ស័បានរត់គេចខ្លួនបាត់តែម្ដង៕

មតិយោបល់