(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីង វិន (Tsai Ing-wen) បាននិយាយថាតៃវ៉ាន់ និងអឺរ៉ុបត្រូវតែធ្វើការងាររួមគ្នា ដើម្បីការពារប្រជាធិបតេយ្យប្រឆាំងនឹងអំណាចផ្ដាច់ការ រួមទាំងព័ត៌មានក្លែងក្លាយ ចំពេលកំពុងមានភាពតានតឹងខ្លាំងជាមួយចិន។
ការលើកឡើងខាងលើរបស់លោកស្រី Tsai Ing-wen ធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមសមាជិកសភាមកពីប្រទេសក្នុងតំបន់បាល់ទិចរួមមាន លីទុយអានី, ឡេតូនី និងអេស្ដូនី នៅឯវិមានប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃចន្ទនេះ។ លោកស្រី Tsai បានបញ្ជាក់ថា «កោះតៃវ៉ាន់មានបំណងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយមិត្តអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អមជាមួយការចូលរួមទាំងអស់គ្នាការពារតម្លៃរួម សំដៅធានាឱ្យបាននូវសេរីភាព និងប្រជាធិបតេយ្យដែលជារបៀបរស់នៅរបស់ពួកយើង»។
បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបរួមទាំងលីទុយអានី, ឡេតូនី និងអេស្ដូនី មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ។ ប៉ុន្តែ មួយរយៈកាលចុងក្រោយនេះ ប្រតិភូអឺរ៉ុបបានបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ នៅក្នុងបរិបទដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ បង្កឱ្យមានការព្រួយបារម្ភពីលទ្ធភាពផ្ទុះជម្លោះ៕
ប្រភព៖ Reuters
មតិយោបល់