តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក ខេត្តតាកែវ បានឲ្យដឹងថា ដើម្បីធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅព្រឹកថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា សហការមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យទំនិញជាគ្រឿបកំប៉ុង និងចំណីអាហារ នៅក្នុងផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះមន្រ្តីជំនាញបានធ្វើត្តេសបឋមទៅលើគុយទាវបាញ់កាញ់ ឈាមជ្រូក ជ្រក់ សណ្តែកប្រដុះ ស្ករត្នោត មឹក និងបន្លែផ្លែឈើជាច្រើនមុខ ក្នុងនោះមន្រ្តីជំនាញបានរកឃើញសារធាតុគីមីសូដ្យូមអីដ្រូសូហ្វីតនៅក្នុងស្ករត្នោត ដោយដកហូតស្ករត្នោតចំនួន៣០គីឡូយកមកបំផ្លាញចោល។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យទំនិញនៅក្នុងផ្សារអង្គតាសោមរួចមក មន្រ្តីជំនាញកាំកុងត្រូល បានធ្វើការត្រួតពិនិត្យទំនិញនៅក្នុងក្រុងដូនកែវ ក្នុងនោះបានរកឃើញទឹកបរិសុទ្ធម៉ាក Eva ចំណុះ៣៥០ml ចំនួន៦០កេស ស្មើនឹង១៤៤០ដប និងស្រាបៀរ Heineken ដែលហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងដេប៉ូចែកចាយតាំង ណាំថាំង យកទៅបំផ្លាញចោលផងដែរនៅឯស្នាក់ការកាំកុងត្រូល ដោយមានការចូលរួមបំផ្លាញពីលោក ប៉ាន់ ភារៈ អភិបាលរងក្រុងដូនកែវ៕
មតិយោបល់