ត្បូងឃ្មុំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានគោយន្តកន្ត្រៃកែច្នៃ មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកជាមួយ ម៉ូតូសង់សេ១២៥ មួយគ្រឿងជិះគ្នា៣នាក់ បណ្តាលឲ្យរេចង្កូតទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង ស្លាប់ក្មេងអាយុ៣ឆ្នាំម្នាក់ ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ផ្លូវជាតិលេខ៧ សង្កាត់វិហារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងគោយន្តកន្ត្រៃ ពណ៌ខៀវ បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-0093 បើកបរដោយឈ្មោះ និន ភក្ត្រា ភេទស្រី អាយុ២៦ឆ្នាំ (របួសធ្ងន់) ឌុបកូនប្រុសអាយុ៣ឆ្នាំ (ស្លាប់ភ្លាមៗនៅនឹងកន្លែង) រួមដំណើរជាមួយនឹងឈ្មោះ អេត សំអូន ភេទស្រី អាយុ៥៨ឆ្នាំ (រងរបួសធ្ងន់) បានរេចង្កូតទៅបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ១តោនកន្លះ គ្មានស្លាកលេខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់