រតនគិរីៈ លោកអធិការស្រុក វើនសៃ បានប្រាប់ Post News ថា មានករណីហិង្សាមួយបានកើតឡើង ដោយជនជាតិទំពួន២នាក់ បានឈ្លោះប្រកែកគ្នា កាប់នឹងកាំបិត បណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពកាចូន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ អុំ បាប៊ី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន បានកាប់ទៅលើជនរងគ្រោះឈ្មោះ តែន មួន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួនដូចគ្នា ចំក្បាលបណ្តាលឲ្យបែកហូរឈាមយ៉ាងខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពកាចូន។
ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់