ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សន វិជ្ជបុត្រ នាំអំណោយចែកអ្នកក្រីក្រនៅខេត្តព្រៃវែង

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ តារាចម្រៀង M ដែលទើបផ្លាស់ទ្រនំទៅកុងត្រាក្នុងផលិតកម្ម L លោក សន វិជ្ជបុត្រ បានដឹកនាំតារាសិល្បៈ និងពាំនាំជំនួយពីសប្បុរសជននៅប្រទេសអូស្រ្តាលី និងតារាសិល្បៈក្នុងក្រុម«គ្រួសារតារាកម្ពុជា» យកទៅចែកដោយផ្ទាល់ដល់សហគមន៍ និងគ្រួសារកំសត់ស្ថិតក្នុងខេត្តព្រៃវែង។ ពិធីនោះ ក៏មានការចូលរួមពីសំណាក់មន្ត្រីអជ្ញាធរ ដែលរង់ចាំទទួលផងដែរ។

កម្មវិធីចុះចែកអំណោយនេះ គឺបានធ្វើឡើងក្នុងពិធីប្រគល់ជូនអណ្ដូងទឹកស្អាតមួយកន្លែងនៅក្នុងសហគមន៍ក្រីក្រភូមិមេសាង ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង បន្ទាប់ពីតារាចម្រៀងលោក សន វិជ្ជបុត្រ បានទទួលជំនួយពីសប្បុរសជននៅប្រទេសអូស្រ្តាលី និងមានការគៀរគរជំនួយពីគ្រប់ទិសទីថែមទៀត ដើម្បីចាក់ដីផ្លូវចូលទៅកាន់អណ្ដូង និងទិញពាង ទិញបង់សម្រាប់អង្គុយលេង។ បន្ទាប់ពីធ្វើបុណ្យឆ្លងអណ្ដូងទឹកស្អាត និងផ្លូវ ដែលបានចាក់ដីនោះរួចរាល់ លោក សន វិជ្ជបុត្រ ដែលជាសមាជិកក្នុងក្រុម «គ្រួសារតារាកម្ពុជា» ក៏បានចែកអាវ ថវិការបស់អ្នកនាង ម៉េង កែវពេជ្ជតា និងមីរបស់តារាចម្រៀងលោក ករុណា ពេជ្រ ចែកដល់ចាស់ៗ និងប្រជាជនក្រីក្រ ដែលបានមកចូលរួមក្នុងពិធីនោះផងដែរ។

បន្ទាប់ពីបានបញ្ចប់ពិធីប្រគល់អណ្ដូងទឹកស្អាត និងចែកអំណោយនេះ លោក សន វិជ្ជបុត្រ ក៏បានដឹកនាំតារាសិល្បៈ និងក្រុមការងារ ចុះទៅប្រគល់ផ្ទះមួយខ្នង ដែលបានចំណាយការសាងសង់អស់ខ្ទង់មួយពាន់ដុល្លារ ជូនដល់លោកតាលោកយាយក្រខ្សត់២នាក់ នៅភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ក្នុងខេត្តព្រៃវែងដដែល អមដោយអំណោយជាច្រើនមុខ ដែលលោកអំពាវនាវបានពីប្រទេសអូស្រ្តាលី។ ក្នុងពិធីនោះ លោក រដ្ឋ តារា ស្ថាបនិករបស់ក្រុម«គ្រួសារតារាកម្ពុជា» ក៏បានប្រគល់មី២កេស ចុងក្រោយ ដែលឧបត្ថម្ភដោយលោក ករុណា ពេជ្រ ជូនដល់លោកតាលោកយាយ និងថវិកាដែលឧបត្ថម្ភដោយតារាសម្ដែងកញ្ញា មាស សម្ផស្ស និងប្អូនស្រី ប្រគល់ជូនដល់លោកតាលោកយាយទាំងពីរផងដែរ។

តារាសិល្បៈ ដែលបានចូលរួមក្នុងពិធីនោះ រួមមាន កញ្ញា អេណា តារាចម្រៀងប្រចាំផលិតកម្ម M លោក វឌ្ឍនៈ ពិធីករប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ឃាន រ៉ា ក្រុមការងារផលិតកុនប្រចាំប៉ុស្ដិ៍លេខ៥ និងតារាសិល្បៈ និងក្រុមការងាររបស់ក្រុម«គ្រួសារតារាកម្ពុជា»មួយចំនួនទៀត៕

មតិយោបល់