ភ្នំពេញៈ បុរសមាឌធំ២នាក់ មកពីផឹកស្រាវិញស្រវឹងទោទន់ ជិះម៉ូតូឌុបគ្នាបញ្រ្ចាសផ្លូវ នៅរង្វង់មូលវិមានឯករាជ្យ ត្រូវកម្លាំងចម្រុះឃាត់ តែបែរជាក្អេងក្អាងអុកឡុកប្រតាយប្រតប់វាយគ្នាជាមួយសមត្ថកិច្ចរបួសជើងម្នាក់ រហូតត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅអធិការដ្ឋានខណ្ឌទាំងយប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងែទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ពិសី អាយុ២៩ឆ្នាំ មុខរបររកស៊ី និងទី២ឈ្មោះ ហេង អាយុ៣០ឆ្នាំ ។
ប្រភពពីមន្ត្រីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាដឹងថា នៅមុនកើតហេតុគេឃើញបុរសមាឌធំ ២នាក់ជិះម៉ូតូ មិនចាំម៉ាកមួយគ្រឿង ឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយមហាវិថីសុរាម្រិត បត់ឆ្វេងបញ្រ្ចាសផ្លូវ នៅចំណុចរង្វង់មូលវិមានឯករាជ្យ តែត្រូវសមត្ថកិច្ចចម្រុះកំពុងដាក់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ធ្វើការឃាត់យកម៉ូតូមកអប់រំណែនាំ ស្រាប់តែបុរសមាឌធំទាំង២នាក់នោះ ក្អេងក្អាងអុកឡុកបបួលសមត្ថកិច្ចវាយគ្នា ភ្លាមនោះនគរបាលអន្តរាគមន៍៤នាក់បានចូលទៅឃាត់ តែបែរជាមិនព្រមស្ដាប់ហើយប្រតាយប្រតប់តដៃជាមួយសមត្ថកិច្ចនគរបាល បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់គ្រេចជើង ទើបត្រូវសមត្ថកិច្ចវាយខ្នោះឃាត់ខ្លួនបុរសមាឌធំទាំង២នាក់នោះ នាំឡើងរថយន្ត ។
ភ្លាមៗនោះបន្ទាប់ពីចុះបញ្ជាផ្ទាល់នៅកន្លែងអគ្គិភ័យមិនទាន់ចប់ស្រួលបួលផង លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកភ្លាមៗ រួចបញ្ជាឲ្យកម្លាំងនាំខ្លួនបុរសមាឌធំទាំង២នាក់នោះបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញទាំងយប់តែម្ដង។ បន្ទាប់មកលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីជាការលើកទឹកចិត្តជូនសមត្ថកិច្ចទាំង៤រូបផងដែរ៕
មតិយោបល់