បន្ទាយមានជ័យៈ ផ្លូវទឹកដ៏ធំ ដែល ត្រូវបាន អ្នកមានលុយ មានអំណាចចាក់ដីលុប មិនអាចឲ្យទឹកហូរចូលក្រោមស្ពានទី១ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ដែលអាជ្ញាធរខេត្ត បន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងដាក់វិធានការណ៍ ឲ្យកាយដីឡើងវិញ មកដល់ពេលនេះពុំទាន់ឃើញមានម្ចាស់ដី ឬអាជ្ញាធរ កាយដីបើកមុខទឹកនេះវិញឡើយ បែរជាមានតែអ្នកបន្តចាក់ដីលុបចំណីផ្លូវនៃចំណុចជាប់គ្នានេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ មិថុនា ២០១៦ កន្លងទៅនេះ គណៈកម្មការចម្រុះដែលដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ និងដាក់វិធានការហាមឃាត់ ដើម្បីកាយដី ដែលបានចាក់លុបបឹង និងបើកផ្លូវទឹកឡើងវិញ ព្រោះថា បើតាមច្បាប់ ផ្លូវជាតិលេខ៦ គិតពីអ័ក្សផ្លូវសងខាង គឺ២៥ម៉ែត្រ ចំណែកធនធានទឹកការចាក់ដីដូច្នេះ ធ្វើឲ្យរាំងស្ទះផ្លូវទឹកអាចបង្កឲ្យទៅជាទឹកជំនន់ ជន់លិចនៅផ្នែកខាងលើនៃស្ពានទី១ ជាពិសេសគឺ លំនៅដ្ឋានប្រជាពលរដ្ឋក្នុងសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណតែម្តង។ ដោយឡែកបើតាមមន្ទីរសុរិយោដី ជាគោលការណ៍ ទីតាំងខាងលើគិតពីក្បាលស្ពាន៩០ម៉ែត្រ ពុំមានប័ណ្ណកម្មសិទ្ធឡើយ តែពុំដឹកមូលហេតុអ្វីបានមានការចាក់ដីបែបនេះ។
ទាន់ទង និងចាក់ដីលុបផ្លូវទឹកខាងលើ ដើមឡើយលោក ឡៅ សុខហួរ ជាមន្ត្រីផ្កាយ២ រងការចោទប្រកាន់ថា ជាម្ចាស់ដី និងអ្នកចាក់លុបផ្លូវទឹក តែតាមការពិតលោកបានឲ្យដឹងថា លោកពុំបានចាក់ដី ឬរំលោភបំពាន ដីកម្មសិទ្ធរដ្ឋឡើយ ព្រោះដីរបស់លោក នូ ខាងមុខ ដែលមានប័ណ្ណកម្មសិទ្ធគ្រប់គ្រងត្រឹមត្រូវ និងបានចាក់ដីយូរឆ្នាំមកហើយដើម្បីសង់លំនៅ ដ្ឋាន ចំណែករឿងដីដែលចាក់ផ្លូវទឹក និងបឹងគឺជារឿងអ្នកផ្សេង បានតេទូរស័ព្ទសុំទីតាំងដីរបស់គាត់ធ្វើជាផ្លូវចូលចាក់ដីខាងលើតែម្តង។
ជាមួយ និងការហាមឃាត់ដែលឲ្យម្ចាស់ដីដែលចាក់ កាយឡើងវិញ ពីសំណាក់អាជ្ញាធរមកដល់ពេលនេះពុំទាន់ឃើញមានការកាយដូចដើមវិញឡើយ។ហើយជុំវិញរឿងនេះលោកអភិបាលក្រុងសិរីសោភ័ណ មិនអាចឲ្យអ្នកយកព័ត៌មានយើងដឹងថា សមត្ថកិច្ចលោក ចុះអនុវត្តពេលណា នោះទេ ព្រោះលោកជាប់រៀនចាំពេលក្រោយលោកនិងផ្តល់ព័ត៌មាន។
ក្រៅពីការចាក់ដីលុបមុខទឹកមិនទាន់អនុវត្តឲ្យកាយវិញផងស្រាប់តែមានអ្នកទៅចាក់ដីបំពានចំណីផ្លូវដែល ជាប់និងដីខាងលើបន្ថែមទៀត៕
មតិយោបល់