ព័ត៌មានជាតិ

លទ្ធផលជិះលឿនអត់ភ្លើងបំភ្លឺ! គេក៏ស្លាប់ ខ្លួនឯងក៏របួសធ្ងន់

កំពង់ឆ្នាំងៈ លោកអធិការរងស្រុកបរិបូណ៍ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកម៉ូតូបង្ក រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែលជា៦ និង៤០នាទីយប់ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៥ ភូ​មិ​ព្រៃ​តា​មូង ឃុំ​ផ្សារ​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-1770 បើកបរដោយបុរសម្នាក់ឈ្មោះ ឡា​ច សា​រិ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បានជិះក្នុងល្បឿនលឿន ពី​ជើងទៅ​ត្បូងនិងគ្មានភ្លើងបំភ្លឺ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជនរងគ្រោះឈ្មោះ ចាន់ សា​ម៉ុ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដែលកំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបរថយន្តបង្កបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយកម៉ូតូបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់