ព័ត៌មានជាតិ

ខ្ចីម៉ូតូជិះទៅទិញថ្នាំ ទៅបាត់ជិត១ខែ ស្រាប់តែរកឃើញនៅខេត្តត្បូងឃ្មុំ..

ភ្នំពេញៈ នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ “រំលោភលើទំនុកចិត្ត” (យកម៉ូតូទៅបញ្ចាំ) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥ម៉ោង៣០នាទីល្ងាច នៅចំណុច មុខហាងលក់ស៊ុបយីហោ ស្រីអូន ផ្លូវលេខ៤៧ ភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ធី ចាន់ក្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុហាងស៊ុបយី ហោ ស្រីអូន មានទីលំនៅភូមិឆ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វត្ថុតាងដកហូតប្រគល់ជូនជនរងគ្រោះវិញ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BA-6884 ( ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ)។
ជនរងគ្រោះឈ្មោះ សៀក ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស៊ុបយីហោ ស្រីអូន មានទីលំនៅផ្ទះលេខ២៤៣២ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច ជនសង្ស័យបានខ្ចីម៉ូតូ និងលុយខ្មែរ៥ពាន់រៀល ពីជនរងគ្រោះ ដើម្បីជិះទៅទិញថ្នាំពេទ្យ ស្រាប់តែបាត់រហូត ដល់ម៉ោង៧និង៣០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះក៏បានមករាយ ការណ៍និងដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ ជនរងគ្រោះបានជួបជនសង្ស័យកំពុង ជិះម៉ូតូរបស់ខ្លួន នៅចំណុចភូមិឆ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏ធ្វើការ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿងតាមនិតិវិធី៕

មតិយោបល់