ព័ត៌មានជាតិ

អាណិកជនខ្មែរ អាមេរិក ដែលប្រើហិង្សាលើស្ត្រីកិបសំបុត្រម៉ូតូនៅផ្សារដឺលុច្ស ដោយសារមានបញ្ហាសុខភាព តុលាការសម្រេចមិនឃុំខ្លួន

កណ្ដាលៈ បុរសអាណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ដែលវាយស្ត្រីអ្នកផ្ញើកង់ម៉ូតូនៅផ្សារដឺលុច្ស ឥឡូវនេះ មានសេរីភាពឡើងវិញហើយ បន្ទាប់ពីបញ្ជូនទៅដល់តុលាការខេត្តកណ្ដាល ។

មន្ត្រីតុលាការ ថ្លែងឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ថា បុរសឈ្មោះ ប៉ៅ ចាន់ ហៅតារា ជាអនិកជនខ្មែរមកពីសហរដ្ឋអាមេរិក ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ សម្រេចមិនឃុំខ្លួនដាក់ពន្ធនាគារទេ តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីដដែល បន្តថា មូលហេតុនៃការសម្រេចមិនឃុំខ្លួននេះ ដោយសារឈ្មោះ ប៉ៅ ចាន់ មានបញ្ហាសុខភាព ពោលគឺបញ្ហាខួរក្បាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារដឺលុច្ស ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជនរងគ្រោះឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ បានកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនល្មើសបានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូដោយមិនបានផ្ញើម៉ូតូឡើយពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំ ដៃខាងឆ្វេងបណ្តាលឱ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃបណ្តាលឱ្យដួលអុកគូទនៅលើដី ហើយក៏ ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់