ព័ត៌មានជាតិ

យុវតីម្នាក់ ខឹងម្តាយស្តីបន្ទោសរឿងលេងទាត់បាល់ ជាមួយក្មេងប្រុសៗ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

កណ្តាលៈ យុវតីវ័យពេញក្រមុំម្នាក់ ព្រោះតែខឹងនឹងម្ដាយខ្លួនស្ដីឲ្យរឿងលេងទាត់បាល់ ជាមួយក្មេងប្រុសៗ ក៏ដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះ ឈ្មោះ ជា គឿន អាយុ ៥២ឆ្នាំ ត្រូវជាម្ដាយសព ស្ថិតនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ដកណ្ដាល។

ជនរងគ្រោះឈ្មោះ ហ៊ីម ស្រីពីន ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ដកណ្ដាល។

តាមសមត្ថកិច្ច បានដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ម្ដាយបានស្ដីបន្ទោសឲ្យជនរងគ្រោះខាងលើថា ខ្លួនជាស្រីដើរលេងទាត់បាល់ ជាមួយក្មេងប្រុសៗ អត់ប្រយោជន៍ ពេលនោះកូនស្រីឆ្លើយថាម៉ែឯងថា ខ្ញុំអត់ប្រយោជន៍ ចាំមើលខ្ញុំចងកឲ្យងាប់ឲ្យម៉ែឯងមើល។

លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៦និង១០នាទី ម្ដាយបានឡើងទៅលើផ្ទះ ក៏ឃើញកូនស្រីចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍។

បន្ទាប់មកកម្លាំងជំនាញស្រុកប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានពិនិត្យសព ពុំមានស្នាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ ទើបពិនិត្យរួច ក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់