ភ្នំពេញៈ ប្រមាណជាមួយរយៈខ្លីចុងក្រោយ គេកត់សម្គាល់ថា សុខភាពរបស់ពិធីករប្រចាំទូរទស្សន៍អប្សរាលោក ឆឹម សក្កដា មានអាការៈធ្វើទុក្ខយ៉ាងខ្លាំង បន្ទាប់លោកត្រូវបានព្រមានឲ្យចូលវះកាត់ជាបន្ទាន់ ប៉ុន្តែលោកមិនព្រមទទួលយក។ លោកអះអាងថា បើទោះជាត្រូវលំបាកនឹងទ្រាំជំងឺយ៉ាងណាក៏ដោយ ក៏ដាច់ខាតមិនជ្រើសយកការវះកាត់នោះដែរ ដោយសារតែលោកក៏មានហេតុផលផ្ទាល់ខ្លួន។
ឆ្លើយតបនឹងការចោទសួររបស់ Postnews លោកឆឹម សក្កដា បានអះអាងថា សភាពជំងឺដែលបានធ្វើទុក្ខចំពោះលោកនាពេលចុងក្រោយគឺ ជំងឺរលាកច្រមុះ ជំងឺដុះសាច់ច្រមុះ និងចំងឺដុះសាច់បំពង់ក ដែលក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយគឺឈានដល់ដំណាក់កាលធ្វើទុក្ខកាន់តែធ្ងន់ទ្វេរដងដោយសឹងនឹងធ្វើឲ្យលោកលែងចង់ទ្រាំម្ដងៗ។ លោកថាខ្លួនជាពិធីករ និងជាតារាចម្រៀង គឺមិនអាចជម្រើសយកការវះកាត់ជំងឺដុះសាច់បំពង់កបានទេ ដោយលោកសុខចិត្តព្យាបាលតាមវិធីលេបថ្នាំវិញ បើទោះជាវិធីនោះទទួលបានផលយឺត ហើយម្ដងក៏បានធូរនឹងម្ដងក៏ធ្វើទុក្ខវិញ នៅពេលលោកលេបថ្នាំមិនដល់កម្រិត។
លោកថាជំងឺទាំង៣ខាងក្រុមគ្រូពេទ្យជំនាញបានទាមទារឲ្យធ្វើការវះកាត់ ប៉ុន្តែដោយសារតែហេតុផលខ្លាចប៉ះបំពង់សំឡេង និងដោយសារតែមិនចង់សម្រាកច្រើនថ្ងៃក្រោយការវះកាត់ដែលធ្វើឲ្យបាត់បង់ការងារផង ទើបលោកត្រូវបន្តលេបថ្នាំ។ លោកនិយាយថា«ការពិតខ្ញុំចង់វះយូរហើយ ប៉ុន្តែមកពីវាខ្ញុំត្រូវសម្រាកយូរពេក ហើយបើវះវានឹងអាចប៉ះពាល់ដល់បំពង់សំឡេងរបស់ខ្ញុំផង ទើបអត់វះទេ គឺសុខចិត្តលេចថ្នាំតាមដំណើរ!។ លោកថាគ្រូពេទ្យបានអះអាងថាបើលោកប្រើថ្នាំទៀងទាត់ នោះនឹងសាច់ដុះនៅត្រង់ច្រមុះ និងបំពង់ករនឹងបានជាដាច់ ប៉ុន្តែមកពីលោកពេលខ្លះក៏លេបទៀងទាត់ ពេលខ្លះក៏ភ្លេចលេបថ្នាំទើបបណ្ដាលឲ្យអាការៈរើឡើងដែលធ្វើឲ្យលោកគេងក៏មិនលក់ បាយក៏មិនបាន ដែលលោកយល់ថាក្នុងប៉ុន្មានថ្ងៃនេះ គឺពិបាកពេញខ្លួន។ ជាពិសេសពេលលោកស្រែកច្រៀង និងធ្វើពិធិករច្រើន គឺបណ្ដាលឲ្យលោកក្ដៅ-ក និងពិបាកដកដង្ហើម។ លោកមិនទាន់ដឹងថាសភាពធ្វើទុក្ខនឹងបញ្ចប់នៅពេលណាឲ្យប្រាដនោះទេ ដោយសារតែការលេបថ្នាំនៅមិនទាន់ធ្វើឲ្យលោកធូរស្បើយនៅឡើយ។
នេះជាលើកទី១ដែលតារាសម្ដែង និងពិធីករលោកឆឹម សក្កដា ត្រូវគេឃើញវាយលុកដោយស្ថានភាពជំងឺដែលរាំងស្ទះដល់ការងារសិល្បៈរបស់លោក ចាប់តាំងពីលោកឡើងកូដក្នុងនាមជាតារាសិល្បៈ។ លោកគឺជាអតីតតារាបង្ហាញម៉ូដក្នុងក្រុម Pop Model ដែលបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង និងចុងក្រោយក៏បានក្លាយខ្លួនជាពិធីករដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងប្រចាំនៅកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍អប្សរា។ ក្នុងនោះលោកក៏បានឈោងចាប់អាជីពជាអ្នកចម្រៀងផងដែរ ទើបធ្វើឲ្យលោកគេចចេញពីការវះកាត់ ហើយបណ្ដាលឲ្យជំងឺដុះសាច់ច្រមុះ និងបំពង់កររីករាលដាល៕
មតិយោបល់