ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពលើការធ្វើកំណែទម្រង់បានច្រើន

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធអគារសិក្សានៅសកលវិទ្យា​ល័យ​វិជ្ជសាស្ត្រសុខាភិបាលហៅសាលាក្រហមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមណ្ឌលប្តូរ  និងពន្យាប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន។ សម្តេចបានបញ្ជាក់ថា បញ្ហាស្លាកលេខ និងប័ណ្ណបើកបរនេះ បានធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើដំណើរទៅមុខបន្ថែមទៀត។ សម្តេចបានបន្ថែមថា ដំណើរវិវឌ្ឍន៍ទៅមុខរបស់កម្ពុជាមិនអាចពឹងផ្អែកតែរាជរដ្ឋាភិបាលមួយនោះទេ គឺត្រូវរួមទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យជាង៣ពាន់នាក់ ត្រូវបានបញ្ចូលទៅក្នុងក្របខ័ណ្ឌរដ្ឋ។ ពាក់ព័ន្ធនឹងគ្រូពេទ្យសម្តេចតេជោបានលើកឡើងថា បើទោះបីមានគ្រូពេទ្យភាគច្រើនល្អ ហើយនៅមានបុគ្គលពេទ្យតិចតួចមិនល្អ តែមិនមែនជាស្ថាប័ននោះទេ។ សម្តេចតេជោបានថ្លែងបន្តថា សម្តេចមិនអាចទទួលបានទេ ចំពោះការលើកឡើងថា គ្រូពេទ្យ៩០ភាគរយមិនល្អ ដែលនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះគ្រូពេទ្យ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្មួយសិស្សៗទាំងអស់ថា សម្រាប់ការប្រកួតបាល់ទាត់អឺរ៉ុប គ្រាន់តែមើលបានហើយ កុំឲ្យភ្នាល់ ប្រយ័ត្នអស់លុយបង់ថ្លៃសិក្សា៕

មតិយោបល់