ភ្នំពេញៈ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួច ឈានដល់ការចាប់ឃាត់ខ្លួន បុរសម្នាក់ពីបទចាប់រំលោភសេពសន្ថវៈ នារីម្នាក់ កាលពីម៉ោង៣ជាងរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទីតាំងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយសារឥទ្ធិពលនៃស្រា បន្ទាប់ពីពួកគេនាំគ្នាផឹកស៊ីយ៉ាងជោកជាំរួចមក។
បុរស ដែលត្រូវបានគេចាប់ខ្លួនខាងលើ ឈ្មោះ ដាំ ជារ៉ាយុទ្ឋ ហៅ ស្រួច អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន (ផ្នែកលក់ ) មានទីលំនៅភូមិដំណាក់ហ្លួង ឃុំទឹកឈូរ ខេត្តកំពត។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទត្រូវបានចាប់ខ្លួនតាមបណ្តឹងជាក់ស្តែងរបស់ជនរងគ្រោះឈ្មោះ ថ.ស.ម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលចំណុចផ្ទះកើតហេតុខាងលើ។
តាមបណ្ដឹងរបស់នាងជាដើមចោទបានរៀបរាប់ថា មុនពេលរឿងអាស្រូវនេះកើតឡើងនោះ កាលពីក្បាលព្រលប់នាង បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិរបស់នាងឈ្មោះ ស្រីនិច រួមជាមួយនឹងប្តីរបស់នាងឈ្មោះភ័ក្ត និងឈ្មោះ ស្រួច( ហៅដាំ ជារ៉ាយុទ្ឋ) ជាមិត្តភក្តិរបស់ ឈ្មោះភ័ក្ត នៅផ្ទះរបស់នាង។
ក្រោយផឹកស៊ីរួចក៏បាននាំគ្នាជិះម៉ូតូដើរលេងចូលហាងរាំរែកចំនួន២ទៀត នៅពេលនោះ នាងជិះម៉ូតូជាមួយឈ្មោះ ស្រួច រីឯ ឈ្មោះ ភ័ក្តដឹកប្រពន្ធរបស់ខ្លួន។
ក្រោយពីនាំដើរលេងរួចក៏ត្រឡប់មកផ្ទះវិញ ដោយនាំគ្នាមកដេកនៅផ្ទះរបស់នាង(ជនរងគ្រោះ) ដោយឲ្យមិត្តភក្តិនាងដេកនៅជាន់ក្រោម ឯនាងក៏ឡើងទៅជាន់លើ(ឡៅតឿ)។ នាងបានបន្តទៀតថាពេលនោះនាងអត់ដឹងថា ឈ្មោះស្រួច បានលបឡើងមកតាមក្រោយនាងនោះទេ ខណៈដែលនាងចាក់សោបើកទ្វារបន្ទប់ ក៏ស្រាប់តែឈ្មោះ ស្រួចមកចាប់នាងផ្តួលទៅលើគ្រែរួចធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតបានសម្រេច។
នាងបានបញ្ជាក់ទៀតថានៅពេលរួចរាល់នាងទូរសព្ទហៅមិត្តភក្តិឲ្យមកជួយ តែភ្លាមៗនោះឈ្មោះស្រួចបានលោតផ្លោះតាមរបងគេចខ្លួនបាត់ស្រមោលតែ មួយស្របក់ធំទើបឃើញគេត្រឡប់មកវិញទំនងដោយសារមានស្នាមរបួសជើងរត់ទៅណាមិនរួច។ រួចមកនាងនាងបានប្តឹងសមត្ថកិច្ចឲ្យមកចាប់ខ្លួនជនឈ្មោះ ដាំ ជារ៉ាយុទ្ឋ ហៅស្រួចនេះ យកទៅចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់