ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កោះកុង: នៅថ្ងៃច័ន្ទ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នា ពីត្បូងទៅជើង បង្កឡើងដោយរថយន្តបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលអូសលើផ្លូវបែកផ្កាភ្លើងឆាបឆេះម៉ូតូ ខូចខាតទាំងស្រុង រងរបួសធ្ងន់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២.១៣ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក HONDA .C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កោះកុង 1B 7002 បើកបរដោយឈ្មោះ ធូ រតនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បានរងរបួសធ្ងន់ ។ ចំណែករថយន្តបង្កម៉ាក LAND CRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX 0966 បើកបរដោយជនជាតិចិន មានឈ្មោះ ZANG TIENYE ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ប្រុស។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់