ព័ត៌មានជាតិ

កម្មករយានដ្ឋាន វី.អេស.ធី បើករថយន្តបុកជញ្ជាំង យានដ្ឋានធ្លាយដល់ផ្ទះប្រជាពលរដ្ឋ

កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្មករយានដ្ឋាន វី.អេស.ធី បើករថយន្តមិនប្រយត្ន័ ជ្រុលចង្កូតទៅបុកជញ្ជាំងយានដ្ឋាន ហើយបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋលាន់ដូចរន្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងយានដ្ឋាន វី.អេស.ធី ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ លោក យាយ រ៉ា ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ។ រីឯកម្មករដែលបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណទេ។

បើតាមលោកយាយម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឭសូរនៅក្នុងយានដ្ឋានបញ្ឆេះរថយន្ត ស្រាប់តែមួយសន្ទុះ គាត់ក៏ឭសម្លេងដូចរន្ទះបាញ់ អ៊ីចឹង
ឃើញរថយន្តបុកធ្លាយមកផ្ទះគាត់បាត់ទៅហើយ។

លោកយាយបន្ថែមទៀតថា គាត់សំណាងល្អហើយ ដែលរាល់ថ្ងៃគាត់តែងតែ អង្គុយលេងលឺតុ ហូបបាយ ជាមួយចៅៗ នៅជាប់របង តែថ្ងៃនេះដូចជាយ៉ាងមេចបានជាអត់ចង់ទៅអង្គុយលេងទីនោះ បើដូចសព្វថ្ងៃវិញគាត់ច្បាស់ជាគ្រោះថ្នាក់ធ្ងន់ហើយ។

នគរបាលចរាចរណ៍បានបញ្ជាក់ថា ចំពោះរឿងខាងលើនេះដែរខាងម្ចាស់យានដ្ឋាន និងលោកយាយជាម្ចាស់ផ្ទះបានសម្របសម្រួលគ្នាសង និងជួសជុលឲ្យដូចដើមទាំងអស់៕

មតិយោបល់