កណ្ដាលៈ កាលពីថ្ងៃទីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចសិការកាំ (ដីបឹង) ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា។
ជនរងគ្រោះឈ្មោះ កេតុ មរ ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ហួរ វណ្ណី ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបក្ខពួក០៤ នាក់ទៀតពុំស្គាល់ឈ្មោះ។
សម្ភារខូចខាត ៖
-រថយន្ត ម៉ាកនីសាន់ពណ៌ខ្មៅផលិតឆ្នាំ២០០៨ ក្រពឹតទ្វារផ្នែកខាងស្តាំទាំងពីរ ។
វត្ថុតាងចាប់យក ៖ រថយន្តនីសាន់ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ចំនួន០១ គ្រឿង (របស់ជនរងគ្រោះ)។
ដំណើររឿងហេតុ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីព្រឹក ឈ្មោះ កេតុ មរ បាននាំក្រុមភូមិបាលស្រុក ដែលមានគ្នា០៥នាក់រួមមាន ៖
១.ឈ្មោះ ណូយ ភាន់ អនុការិយាល័យស្រុកលើកដែក ។
២.ឈ្មោះ គឹម វ៉ាន់ដា មន្ត្រីស្ម័គ្រចិត្ត
៣.ឈ្មោះ ពេជ្រ សោភា មន្ត្រីស្ម័គ្រចិត្ត
៤.ឈ្មោះ គុណ សំអូន មន្ត្រីស្ម័គ្រចិត្ត
៥.ឈ្មោះ ងន យូហេង មន្ត្រីស្ម័គ្រចិត្ត
បានចុះទៅវាស់វែងដីបឹង ត្រង់ចំណុចសិការកាំ ស្ថិតក្នុងភូមិសាស្រ្ត ឃុំកំពង់ភ្នំ ដែលមានព្រំប្រទល់ជាប់ស្រុកស្អាង ។
នៅពេលវាស់វែងដីរួចហើយ នៅម៉ោង ២ និង២០នាទីរសៀលថ្ងៃដដែល ក៏បាននាំគ្នាឡើងជិះឡានត្រឡប់ទៅផ្ទះវិញ ពេលឡើងលើឡាន ស្រាប់តែឈ្មោះ ហួរ វណ្ណី និងបក្ខពួក បានបើកឡានរបស់ខ្លួន ម៉ាកតាកូម៉ា មកដេញបុកឡានឈ្មោះ កេតុ មរ និងក្រុមការងារ បណ្តាលឲ្យខូច និងបានដណ្តើមយកម៉ាស៊ីន DGPS ពីមន្ត្រីភូមិបាលស្រុក ហើយ និងសោឡានរបស់ឈ្មោះ កេតុ មរ យកទៅដាក់លើឡានរបស់ខ្លួន ហើយជិះឡានគេចទៅស្រុកស្អាងបាត់តែម្តង ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌សហការ ជាមួយកម្លាំងប៉ុស្តិ៍កំពង់ភ្នំ បានចុះដល់ទីតាំងកើតហេតុ និងបានដឹកជនរងគ្រោះចេញមកកាន់អធិការដ្ឋាន ដើម្បីសួរនាំនិងបន្តការ ស្រាវជ្រាវ ចាត់ការតាមនីតិវិធី៕
មតិយោបល់