ភ្នំពេញៈ ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់រាយប៉ាយពេញផ្លូវអស់ចំនួន១៣ផ្ទាំង រួចបើករត់គេចបាត់ស្រមោលទាំងរថយន្តខ្ទេចខ្ទីផ្នែកខាងមុខតែត្រូវសមត្ថកិច្ចឃាត់បានវិញ កាលពីវេលាម៉ោង ២:០០ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខនិងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងទឹកល្អក់១ ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-6436 បើកបរបុរសស្រវឹងជោកជាំម្នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែដាក់ជាតិស្រវឹងច្រើនហួសកំណត់ធ្វើឲ្យស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែរ៉េចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន១៣ផ្ទាំង ធ្វើឲ្យរនាំងដែកបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចទាំងរថយន្តខ្ទេចផ្នែកខាងមុខរហូតមកដល់ច្រកចូលផ្សារសំណង់១២ តែគេចមិនផុតត្រូវសមត្ថកិច្ចរួមជាមួយនិងប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់រថយន្តជាជនបង្កភ័យស្លន់ចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានស្ទួចយករថយន្តបង្កយកមកដល់កន្លែងដើម្បីវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយជាមួយនិងសម្បត្តិរដ្ឋ៕



មតិយោបល់