ព័ត៌មានជាតិ

រថយន្តស្ទូចបើកលឿន បុកម៉ូតូកូនទា ស្លាប់ស្រ្តីម្នាក់និងរបួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ៥!..

កំពង់ឆ្នាំង: កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៣-៩៤ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ (ស្លាប់) និងឈ្មោះ ឈួន សំអាត ភេទស្រី អាយុ៣៩ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ជនរងគ្រោះជិះម៉ូតូកូនទា ពាក់ស្លាកលេខកំពង់ឆ្នាំង1H-5668 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូច១គ្រឿងម៉ាក អ៊ីហ្ស៊ុយស៊ុយ ពាក់ស្លាក លេខភ្នំពេញ3A-3230 បើកបរដោយឈ្មោះ សុន មុន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិភ្នៅលិច ឃុំព្រែកចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ហើយបានបុកម៉ូតូជនរងគ្រោះ បណ្តាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់តែម្តង។

អ្នកបើកបរថយន្តបានបើករត់គេច តែត្រូវសមត្ថកិច្ចតាមទាន់ ចាប់បានទាំងរថយន្ត និងអ្នកបើកបរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុ រួចនាំយកម៉ូតូនិងរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់