បន្ទាយមានជ័យៈ អាវុធហត្ថក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក១ក្រុម ពាក់ពន្ធ័នឹងករណី ប៉ុនប៉ងអំពើឃាតកម្ម ។
គួរបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ិន សុភ័ក្រ្តា ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ស្រ៊ុន តេងល័ក្ខ ភេទប្រុស អាយុ១៨ឆ្នាំ ស្តីពីករណីប៉ុនប៉ងអំពើឃាតកម្ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្នំ១០០ ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ទល់មុខអាគារស្តារវីលេច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កឡើងដោយមនុស្សមួយក្រុម ។
ក្រោយពីទទួលពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក កម្លាំងជំនាញបានបើកការស៊ើបអង្កេត ជនជាមុខសញ្ញា។ រហូតមកទលើថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន រ៉ាឆាន់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា៖ ក្រុមខ្លួនពិតជាបានធ្វើការបាញ់ទៅលើជនរងគ្រោះតែមិនត្រូវ និងបានដកកាំបិតដេញកាប់ទៀតផង ដោយសារជនរងគ្រោះបានជិះម៉ូតូឆាប និងជែងម៉ូតូរបស់ក្រុមខ្លួន តែការបាញ់ ក៏ដកកាំបិតដេញកាប់ គឺជាសកម្មភាពផ្ទាល់របស់ឈ្មោះ ឆុយ (មិនស្គាល់ត្រកូល) ដែលជាបក្សពួករបស់ខ្លួន ។
ក្នុងនោះដែរ បើប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានលឺសម្លេងស្រែកឲ្យជួយព្រោះមានគេដេញបាញ់ លុះចេញទៅមើលក៏ឃើញជនមួយក្រុមមានគ្នាប្រមាណ៤នាក់ ជិះម៉ូតូម៉ាក MSX ២គ្រឿង ព្យាយាមចេញទៅជួយឃាត់ តែជនរងគ្រោះបានស្រែក កុំទៅពួកគេមានកាំភ្លើង។ លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ គេបានឃើញជនសង្ស័យមួយក្រុមនោះម្តងទៀត មកឈប់នៅក្បែរកន្លែងខ្លួនកំពុងយាម ស្រាប់តែជនមួយក្រុមនោះបានដកកាំភ្លើង បាញ់រះទៅលើហ្វូងមនសុ្សដែលកំពុងដើរកម្សាន្ត និងបានដកកាំបិតស្រែកគម្រាមថែមទៀត ក្រោយធ្វើសកម្មភាពរួចជនសង្ស័យមួយក្រុមនោះ ក៏បានជិះម៉ូតូចេញបាត់ទៅ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់