ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា ខ្ទាត១គ្រឿងទៅបុកចូលហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាសសិនស៊ប ខ្ទេចរថយន្ត!

ភ្នំពេញៈ រថយន្តបាឡែន បុករថយន្តហាយប្រ៊ីត ត្រង់ចំណុចផ្លូវបំបែកជា៤ បណ្តាលអោយរថយន្តហាយប្រ៊ីត ជ្រុលទៅបុកទ្វារហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាសសិនស៊ប បណ្តាលឲ្យរងការខូចខាត ហើយរថយន្តទាំង២គ្រឿងបានព្យាយាមបើករត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៥៦ កែងនឹងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីនិងបុរសវ័យក្មេងម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-7989 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតក៏បានបើកឆ្លងកាត់ផ្លូវ១៥៦ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3420 ដោយបើកបរតាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តខាងលើចំកង់ខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះរេចង្កូតទៅខាងស្តាំទៅបុកទ្វារហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាសសិនស៊ប ដែលនៅតាមបណ្តោយផ្លូវ២៥៧ បណ្តាលឲ្យទ្វារហាងកំពិតបន្តិចបន្តួច។ ចំណែកឯរថយន្តរងគ្រោះរងការខូចខាតកំពិតផ្នែកខាងមុខ និងដាច់ក្រឡេកង់ខាងក្រោយចំហៀងខាងស្តាំ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបានស្រមោលបន្សល់ទុកតែស្លាកលេខជ្រុះនៅកន្លែងកើតហេតុ បន្ទាប់មករថយន្តរងគ្រោះឃើញដូច្នោះក៏បានព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ចំណុចជាប់របងមន្ទីពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានជិះល្បាតឃើញហើយក៏ធ្វើការស្ទាក់ឃាត់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញអោយចុះមកធ្វើការស្ទូចយករថយន្តខាងលើនិងស្លាកលេខរថយន្តបង្កទៅរក្សានៅអធិការរដ្ឋនគរបាលខណ្ឌទួលគោកដើម្បីស្វែងរកនិងរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់