ភ្នំពេញៈ យុវជន៤នាក់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ក្នុងល្បឿនលឿន ខណៈចុះពីលើស្ពានអាកាសខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្ដយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៤នាក់បើកម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-5054 បើកពីត្បូងទៅជើងបានឡើងស្ពានក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យផ្លោងបោកនឹងខឿនរងរបួសរណូករណែលធ្ងន់២និងស្រាល២នាក់ ភ្លាមៗនោះគេឃើញរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនមកដឹកទៅព្យាបាល។ចំណែកម៉ូតូរងគ្រោះរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ជូនវិញ៕
មតិយោបល់